បាងកក៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Surasak Phancharoenworakul កំពុងប្រឈមមុខនឹងរលកនៃការរិះគន់យ៉ាងធ្ងន់ធ្ងរពីសាធារណជន ក្រោយពីបានចេញមុខទាត់ចោលការព្រមាន និងទម្លាក់កំហុសដាក់ជនរងគ្រោះ បន្ទាប់ពីស្ថានទូតចិនបានចេញការអំពីព្រមានពីសុវត្ថិភាពពលរដ្ឋចិន ដែលឆ្លងកាត់ប្រទេសថៃអាចនឹងប្រឈមធ្លាក់ខ្លួនក្នុងគ្រោះថ្នាក់អាក្រក់នៃអំពើឧក្រិដ្ឋកម្មចាប់ជម្រិត និងបទល្មើសជួញដូរមនុស្ស។

សារព្រមានក្ដៅៗរបស់ស្ថានទូតចិនកាលពីថ្ងៃទី១៦ ខែតុលា បានគូសបញ្ជាក់អំពីស្ថានភាពអសន្តិសុខដ៏គួរឱ្យបារម្ភ ដោយមានរបាយការណ៍ជាបន្តបន្ទាប់ស្តីពីពលរដ្ឋចិនដែលត្រូវគេចាប់ជម្រិត ឃុំខ្លួនដោយខុសច្បាប់ និងបោកបញ្ឆោតដឹកជញ្ជូនឆ្ពោះទៅកាន់តំបន់ព្រំដែនមីយ៉ាន់ម៉ា។ ភាគីចិនបានបើកកកាយល្បិចកលរបស់ក្រុមឧក្រិដ្ឋជនឆ្លងដែន ដែលប្រើប្រាស់រូបភាពផ្តល់ការងារប្រាក់ខែខ្ពស់ ឱកាសវិនិយោគ និងគម្រោងកម្សាន្តផ្សេងៗ ដើម្បីអូសទាញជនរងគ្រោះឱ្យធ្លាក់ចូលក្នុងអន្ទាក់យ៉ាងគ្រោះថ្នាក់។

ទោះបីជាភាគីចិនបានបង្ហាញពីភស្តុតាង និងការព្រមានយ៉ាងច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ ហាក់ព្យាយាមឱបក្រសោបមុខមាត់រដ្ឋាភិបាលដែលកំពុងកាន់អំណាច ដោយបដិសេធចោលកង្វល់ទាំងនោះ និងអះអាងថា ភ្ញៀវទេសចរទូទៅដែលមកកម្សាន្តដោយសុច្ចរិត នឹងមិនជួបគ្រោះថ្នាក់បែបនេះឡើយ ព្រោះថាអាជ្ញាធរថៃបានពង្រាយកងកម្លាំងត្រួតពិនិត្យតាមដងផ្លូវឆ្ពោះទៅច្រកព្រំដែនរួចរាល់ហើយ។
ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងទេសចរ និងកីឡាថៃ រូបនេះ ត្រូវបានគេមើលឃើញថា ជាការដោះសារប្រាសចាកពីការពិត និងគ្មានការទទួលខុសត្រូវចំពោះវិបត្តិសន្តិសុខក្នុងប្រទេសខ្លួនឡើយ។ អ្វីដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់ខ្លាំងឡើងនោះគឺ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ បានព្យាយាមរុញកំហុសទម្លាក់ទៅលើជនរងគ្រោះ ដោយបានចោទសួរដេញដោលថា ហេតុអ្វីបានជាហេតុការណ៍ទាំងនេះកើតឡើងតែលើពលរដ្ឋចិន ហើយថែមទាំងបានលើកឡើងថា ជនរងគ្រោះទាំងនោះប្រហែលជាត្រូវគេបោកប្រាស់ ឬត្រូវគេបោកតាំងពីនៅក្នុងស្រុកចិនមកម្ល៉េះ។

ទង្វើទម្លាក់កំហុសលើជនរងគ្រោះបែបនេះ មិនត្រឹមតែមិនអាចស្តារទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិបាននោះទេ ប៉ុន្តែរឹតតែធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រូបភាពទេសចរណ៍ក្នុងស្រុកថៃ ជាពិសេសចំពោះទីផ្សារទេសចរចិន ដែលជាប្រភពចំណូលឈានមុខគេ និងជាឆ្នាំងបាយសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសនេះ។
ថ្វីបើកំពុងស្ថិតក្រោមសម្ពាធការទូត និងការរិះគន់ជុំទិស រដ្ឋមន្ត្រីរូបនេះបានត្រឹមតែសន្យាជាថ្មីថា នឹងបង្កើនកិច្ចសហការជាមួយភាគីចិន និងសម្របសម្រួលកងកម្លាំងនគរបាលថៃ រួមទាំងនគរបាលទេសចរណ៍ និងអន្តោប្រវេសន៍ថៃ ដើម្បីទប់ស្កាត់កុំឱ្យក្រុមឧក្រិដ្ឋជនដែលបានប្រើប្រាស់ទឹកដីថៃ ជាច្រកឆ្លងកាត់សម្រាប់សកម្មភាពខុសច្បាប់តទៅទៀត៕
ចុចអានបន្ដ៖ ចិនចេញការព្រមានក្តៅៗអំពីសុវត្ថិភាពនៅថៃ ក្រោយករណីចាប់ជម្រិត និងការឆបោកកើនឡើងយ៉ាងគំហុក

