ភ្នំពេញ៖ លោក ម៉ក់ សុភ័ក្ដ្រា អាយុ៥៤ឆ្នាំ អតីតអគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារ PJ កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីប្រើប្រាស់អាវុធបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួសធ្ងន់។

លោក ឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនលោក ម៉ក់ សុភ័ក្ដ្រា ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងគ្រាប់រំសេវ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា លោក ម៉ក់ សុភ័ក្ដ្រា បានបើករថយន្ត Ford Ranger ពណ៌ស ពាក់ស្លាកលេខរដ្ឋ 16-2-1969 ដេញតាម និងបុករថយន្ត Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-5381 ដែលត្រូវបានរាយការណ៍ថា ជារថយន្តរបស់ភរិយាលោក។

ប្រភពដដែលបានបន្តថា មូលហេតុនៃហេតុការណ៍នេះ ពាក់ព័ន្ធនឹងការសង្ស័យលើភរិយា ហើយក្នុងអំឡុងពេលស្ទាក់ឃាត់រថយន្ត លោកត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់អាវុធបាញ់គំរាម បណ្ដាលឱ្យកូនប្រុសបង្កើតរបស់លោករងរបួសធ្ងន់។ ក្រោយហេតុការណ៍នេះ កម្លាំងនគរបាលខណ្ឌព្រែកព្នៅបានឃាត់ខ្លួនលោក និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែតុលា ដើម្បីអនុវត្តនីតិវិធី មុនពេលតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន។

Share.