បណ្តាញឧក្រិដ្ឋកម្ម និងការបោកប្រាស់ក្នុងវិស័យអចលនទ្រព្យនៅប្រទេសថៃហាក់បីដូចជាគ្មានទីបញ្ចប់ បន្ទាប់ពីក្រុមនិស្សិត និងពលរដ្ឋចិនប្រមាណ ៧០នាក់ បានដាក់ពាក្យបណ្តឹងជាផ្លូវការនៅមជ្ឈមណ្ឌលស៊ើបអង្កេតកណ្តាល ដោយទាមទាររកយុត្តិធម៌ ក្រោយពីបានធ្លាក់ក្នុងអន្ទាក់បោកប្រាស់ទិញ និងជួលខុនដូ ដែលមានទឹកប្រាក់ខាតបង់សរុបជិត១០លានបាត។ ហេតុការណ៍នេះបានលាតត្រដាងឱ្យឃើញពីភាពធូររលុងនៃច្បាប់ និងកង្វះការការពារសុវត្ថិភាពដល់ជនបរទេសដែលមករស់នៅ និងសិក្សានៅប្រទេសថៃ។

យោងតាមរបាយការណ៍ ជនរងគ្រោះបានបង្ហាញភស្តុតាងដូចជា កិច្ចសន្យាជួល ប្រតិបត្តិការផ្ទេរប្រាក់ និងសារជជែកគ្នាតាមប្រព័ន្ធអនឡាញ ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តនោះគឺ ជនរងគ្រោះខ្លះបានបង់ប្រាក់មុនយ៉ាងច្រើនសន្ធឹកសន្ធាប់ (ជាងមួយសែនប្រាំមួយម៉ឺនបាត) សម្រាប់កិច្ចសន្យាជួលរយៈពេល ៣ឆ្នាំ ប៉ុន្តែពេលមកដល់បែរជាទទួលបានបន្ទប់ខុសពីការសន្យា ថែមទាំងត្រូវម្ចាស់ផ្ទះពិតប្រាកដបណ្តេញចេញ ព្រោះភ្នាក់ងារខិលខូចមិនបានបង់ថ្លៃឈ្នួលឱ្យម្ចាស់ផ្ទះឡើយ។ បញ្ហានេះបង្ហាញយ៉ាងច្បាស់ថា ទីផ្សារអចលនទ្រព្យរបស់ថៃ កំពុងបើកទ្វារឱ្យក្រុមឈ្មួញកណ្តាលទុច្ចរិតបោកប្រាស់អ្នកវិនិយោគ និងនិស្សិតបរទេសយ៉ាងរលូន ដោយគ្មានការត្រួតពិនិត្យឱ្យបានតឹងរឹងពីអាជ្ញាធរពាក់ព័ន្ធឡើយ។

ទង្វើទុច្ចរិតទាំងនេះ មិនត្រឹមតែបំផ្លាញជីវភាព និងក្ដីសុបិនរបស់និស្សិតបរទេសដែលមកបន្តការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងបំផ្លាញកេរ្តិ៍ឈ្មោះទេសចរណ៍ និងបរិយាកាសវិនិយោគរបស់ប្រទេសថៃខ្លួនឯងផងដែរ។ ករណីបោកប្រាស់តាមប្រព័ន្ធអនឡាញ ការសន្យាផ្តល់ប្រាក់ចំណេញទ្វេដងពីការដេញថ្លៃខុនដូ និងការគេចវេសមិនទទួលខុសត្រូវរបស់ជនខិលខូច ចាប់តាំងពីឆ្នាំ២០២៤មក បញ្ជាក់ថា នគរបាល និងស្ថាប័នមានសមត្ថកិច្ចរបស់ថៃ យឺតយ៉ាវ និងខកខានក្នុងការទប់ស្កាត់បទល្មើសទាំងនេះទុកជាមុន ទុកឱ្យជនរងគ្រោះត្រូវស្រែករកយុត្តិធម៌ទាំងភ័យខ្លាច។

ទោះបីជានគរបាលថៃសន្យាថា នឹងចាត់វិធានការប្រមូលភស្តុតាង និងតាមប្រមាញ់ជនខិលខូចក៏ដោយ ក៏មហាជននៅតែមានមន្ទិលសង្ស័យថា តើប្រព័ន្ធច្បាប់របស់ថៃអាចផ្តល់សំណង និងយុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះបរទេសទាំងនោះបានកម្រិតណា ព្រោះថា បញ្ហាពុករលួយ និងភាពខ្សោយក្នុងការអនុវត្តច្បាប់ តែងតែជាចំណុចខ្សោយដ៏ធំរបស់ប្រទេសនេះ៕

ប្រភព៖ The Thaiger

Share.