ក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្រេចដាក់ចេញនូវបញ្ជាឱ្យក្រុមមន្ត្រីការទូតដែលមិនស្ថិតក្នុងស្ថានភាពបន្ទាន់ រួមទាំងក្រុមគ្រួសាររបស់ពួកគេ រូតរាន់ចាកចេញពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ជំហានដ៏តានតឹងនេះ ធ្វើឡើងបន្ទាប់ពីស្ថានការណ៍សន្តិសុខក្នុងតំបន់ធ្លាក់ដុនដាបខ្លាំង ព្រមទាំងមានផែនការបន្តជម្លៀសសមាជិកគ្រួសារចេញពីបេសកកម្មការទូតអាមេរិកផ្សេងទៀតក្នុងតំបន់ផងដែរ។

ការសម្រេចចិត្តដាក់បទបញ្ជាដកថយនេះ កើតឡើងស្របពេលដែលស្ថានីយអាកាសយានដ្ឋានស៊ីវិល King Fahd ក្នុងទីក្រុង Dammam ត្រូវរងការវាយប្រហារយ៉ាងកម្រោល បណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់ និងរបួស៨នាក់។ មិនតែប៉ុណ្ណោះ ការវាយប្រហារដោយយានដ្រូនដាច់ដោយឡែកមួយទៀត ក៏បានផ្ដាច់ជីវិតមនុស្សពីរនាក់បន្ថែមទៀត នៅចំបរិវេណអណ្តូងប្រេងដ៏សំខាន់មួយកន្លែងផងដែរ។

តាមរយៈសារលើបណ្តាញសង្គម X លោក Tommy Pigott អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ច្បាស់ៗថា ការបញ្ជាឱ្យចាកចេញនេះ គឺសំដៅទៅលើតែបុគ្គលិករដ្ឋាភិបាលដែលមិនមែនជាផ្នែកបន្ទាន់ និងក្រុមគ្រួសាររបស់ពួកគេប្រចាំនៅអារ៉ាប៊ីសាអ៊ូឌីតប៉ុណ្ណោះ។ លោកបានបន្ទោសថា ការព្រួយបារម្ភនេះកើតចេញពីសកម្មភាពឈ្លានពានរបស់ក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន ដែលមានខ្នងបង្អែកពីអ៊ីរ៉ង់ ក្នុងការបាញ់ប្រហារគោលដៅស៊ីវិលជាបន្តបន្ទាប់។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ក្រុមហ៊ូទីកំពុងបង្កើនកំដៅ និងសកម្មភាពអរិភាពកាន់តែខ្លាំងឡើងៗប្រឆាំងនឹងអារ៉ាប៊ីសាអ៊ូឌីត តាមរយៈការកំណត់គោលដៅលើព្រលានយន្តហោះស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យសេដ្ឋកិច្ចជាតិ ដែលបង្កឱ្យមានការខូចខាតអាយុជីវិត និងរំខានដល់ដំណើរការធ្វើដំណើរយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថា ទីក្រុងវ៉ាស៊ីនតោនទើបតែបានបញ្ជូនក្រុមមន្ត្រីការទូតរបស់ខ្លួនឱ្យត្រឡប់ទៅបំពេញការងារក្នុងតំបន់វិញកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ក្រោយពីធ្លាប់បានជម្លៀសចេញម្តងរួចមកហើយ កាលពីពេលដែលទីក្រុងតេអេរ៉ង់បើកប្រតិបត្តិការវាយប្រហារលើទីតាំងអាមេរិក ជាការតបតនឹងជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។

ការសម្រេចចិត្តជម្លៀសអ្នកការទូតជាន់ខ្ពស់សាជាថ្មីនេះ គឺជាសញ្ញាបង្ហាញពីការរីករាលដាលនៃសមរភូមិប្រយុទ្ធគ្នាក្នុងប្រទេសយេម៉ែន ដែលជាចំណុចកម្តៅថ្មីមួយទៀតផ្ដើមចេញពីវិបត្តិសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ ការអូសបន្លាយ និងការរីករាលដាលនៃជម្លោះនេះ ត្រូវបានគេមើលឃើញថា កំពុងតែក្តាប់ជាប់ និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារថាមពលសកល ក៏ដូចជារង្គោះរង្គើដល់ខឿនសេដ្ឋកិច្ចរបស់បណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រទាំងមូលផងដែរ៕

Share.