ក្លិបកីឡាបាល់ទះវិសាខា បាន​ក្លាយជាម្ចាស់ជើងឯក ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ Wurkz Special Volleyball Cup U20 2026 មណ្ឌលផ្ដាច់ព្រ័ត្ររាជធានីភ្នំពេញ បន្ទាប់​ពី​យក​ឈ្នះ​លើក​ក្លិបបាល់ទះ​ស្នងការ ន.ប ខេត្តពោធិ៍សាត់ ក្នុង​លទញធផល ៣-២ នៅ​វគ្គផ្ដាច់​ព្រ័ត្រ​ដ៏​តាន់​តឹង។

សម្រាប់​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ ក្រោម​ក្រសែភ្នែក​អ្នក​គាំទ្រ​ជាច្រើន និង​ពិធីបិទការប្រកួតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

សម្រាប់​លទ្ធផលជ័យលាភីនៃការប្រកួត ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ Wurkz Special Volleyball Cup U20 2026 មណ្ឌលផ្ដាច់ព្រ័ត្ររាជធានីភ្នំពេញ រួម​មាន៖

ជ័យលាភីលេខ១៖ សមាគមកីឡាបាល់ទះវិសាខា ទទួលបានពានរង្វាន់ មេដាយមាស និងថវិកា ៥០លានរៀល។

ជ័យលាភីលេខ២៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលបានមេដាយប្រាក់ និងថវិកា ២០លានរៀល។

ជ័យលាភីលេខ៣៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលបានមេដាយសំរឹទ្ធ និងថវិកា ១២លានរៀល។

ជ័យលាភីលេខ៤៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានថវិកា ៨លានរៀល។

សម្រាប់​ជ័យ​លាភីពាន​រង្វាន់​ឯកត្តជន​រួម​មាន៖

  • កីឡាករ ស ពិសី របស់​ក្លិបបាល់ទះវិសាខា ឈ្នះងារ​ជាកីឡាករ​ឆ្នើម​ប្រចាំព្រឹត្តិការណ៍ និង​កីឡាករ​វាយប្រយុទ្ធខាងឆ្វេងល្អជាងគេ
  • កីឡាករ លី ម៉េងហៀង​ របស់​ស្នងការ ន.ប ខេត្តពោធិ៍សាត់ ឈ្នះងារជាអ្នកលើកបាល់ល្អជាងគេ
  • កីឡាករ សុខ បញ្ញា របស់​ស្នងការ ន.ប ខេត្តកណ្ដាល ឈ្នះងារ អ្នកធ្វើ​រនាំង​ល្អជាងគេ
  • កីឡាករ ខេង ថុនា របស់​ក្លិបបាល់ទះវិសាខា ឈ្នះងារ អ្នកធ្វើ​រនាំង​ល្អជាងគេ
  • កីឡាករ ផល សៀងហ៊ុង​ របស់​ក្លិបបាល់ទះវិសាខា ឈ្នះងារជាកីឡាករ​វាយប្រយុទ្ធខាងស្ដាំល្អជាងគេ
  • កីឡាករ ចិន្តា សំរេច របស់​ស្នងការ ន.ប ខេត្តកណ្ដាល ឈ្នះងារជាកីឡាករ​វាយប្រយុទ្ធខាងស្ដាំល្អជាងគេ
  • កីឡាករ អ៊ុន សុវណ្ណរាជ របស់​ក្លិបបាល់ទះវិសាខា ឈ្នះងារអ្នកការពារល្អជាងគេ

ចំពោះក្រុមជ័យលាភីទាំងអស់ ដែលបានបង្ហាញនូវសមត្ថភាព ទេពកោសល្យ ស្មារតីកីឡា និងការប្រកួតប្រជែងប្រកបដោយភាពស្វាហាប់។ ជោគជ័យនេះក៏ជាកម្លាំងជំរុញដល់ការអភិវឌ្ឍធនធានកីឡាករវ័យក្មេង និងការបន្តលើកកម្ពស់វិស័យកីឡាបាល់ទះកម្ពុជាឱ្យកាន់តែរីកចម្រើន។

ការប្រកួតនេះត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជាចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានក្រុមកីឡាបាល់ទះចូលរួមសរុបចំនួន ១៣ក្រុម បែងចែកជា ៤ពូល។ ក្នុងនោះ មាន ៣ក្រុមទទួលបានសិទ្ធិចូលរួមប្រកួតនៅរាជធានីភ្នំពេញ និង ១០ក្រុមជាក្រុមជ័យលាភីមកពីការប្រកួតជម្រុះតាមបណ្ដាមណ្ឌលទាំង៥ មាន ខេត្តកំពង់ឆ្នាំង កំពង់ធំ ក្រចេះ តាកែវ និងកោះកុង៕

Share.