លោក ស៊ីន ប៊ុនឆាយ (Sin Bunchhay) ដែលនៅក្នុងសហគមន៍កីឡាអេឡិចត្រូនិកកម្ពុជា គេស្គាល់ច្បាស់ថា ជា Coach Chhay គឺជាគ្រូបង្វឹក (Coach) កីឡាអេឡិចត្រូនិក (Esports) អាជីពដ៏ល្បីល្បាញម្នាក់ របស់ក្រុម Galaxy Legends នៅក្នុងប្រទេសកម្ពុជា លើវិញ្ញាសាហ្គេម Mobile Legends: Bang Bang (MLBB)។

បច្ចុប្បន្នលោកកំពុងដឹងនាំក្រុមកីឡា Esports ឈ្នោះ Galaxy Legends ដែលមានសមាជិកក្រុមសុទ្ធសឹងជាកីឡាករខ្មែរសុទ្ធ ក្នុងការប្រកួតពានរង្វាន់ The Mobile Legends: Bang Bang Professional League – Cambodia ឬ MPL Cambodia រដូវកាលទី១១។
បើទោះជាធ្វើមិនសូវបានល្អក្រោយឆ្លងកាត់ការប្រកួត ៤សប្ដាហ៍រួមមក លោក ស៊ីន ប៊ុនឆាយ បានប្រាប់ថា លោកមិនមានចំណងនាំចូលកីឡាករបរទេសឡើយ គឺត្រៀមប្រើប្រាស់កីឡាករខ្មែរ ១០០% គ្រប់រដូវកាលក្រោយៗ បន្ទាប់ទៀត ទោះជួបបញ្ហាលំបាកក្នុងការផ្លាស់ប្ដូរតួនាទីយ៉ាងណាក៏ដោយ។
ឃើញថាបច្ចុប្បន្នក្រុម Galaxy Legends ដែលដឹកនាំដោយលោក លោក ស៊ីន ប៊ុនឆាយ (Coach Chhay) កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៧ មាន ៣ពិន្ទុប៉ុណ្ណោះ។

លោក ស៊ីន ប៊ុនឆាយ បានលើកឡើងថា៖ «បើនិយាយពីការដូររ៉ូហ្នឹងគឺពិបាកខ្លាំង ប៉ុន្តែគ្រាន់តែថាយើងមើលឃើញនូវអ្វីដែលនៅថ្ងៃទៅមុខ ត ទៅមុខទៀត យើងគិតៗទៅ យើងមិនអាចថាការគិតទៅវាត្រូវ ឬក៏ខុសទេ ប៉ុន្តែអាហ្នឹងវាបើបាទយើងមិនធ្វើសោះ ទើបជាបញ្ហា។»
Coach Chhay បន្ថែមថា៖ «ខ្ញុំនឹងមិនបន្តនាំចូលកីឡាករទៀតទេ គឺខ្មែរទាំងអស់ហ្មង គ្រប់រដូវកាលទៅមុខបើនិយាយពីបទពិសោធន៍ខ្ញុំ វាច្រើនឆ្នាំដែរ អញ្ចឹងខ្ញុំគិតថាវាអត់មានអីសម្ពាធសម្រាប់ខ្ញុំទេ តែបើសិនជាមិនបានឡើងភ្លេអុហ្វ វាជាលើកទី១សម្រាប់ខ្ញុំហើយ ដែលអត់បានជាន់ឆាកភ្លេអុហ្វក្នុងរយៈពេល១០ស៊ីសិន»៕

