ឯកឧត្តម ប៊ុន ហុន មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានចេញមុខបកស្រាយបំភ្លឺជាសាធារណៈជាថ្មីម្តងទៀត ដើម្បីឆ្លើយតបទៅនឹងការបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គម TikTok និង Facebook គណនីឈ្មោះ “Villa Gardenia Kep” របស់ទណ្ឌិត ជុំ វណ្ណៈ ដែលបានចោទប្រកាន់ និងមួលបង្កាច់ទម្លាក់កំហុសមកលើរូបឯកឧត្តម ព្រមទាំងបុគ្គលមួយចំនួនទៀត។

ការចេញបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីគណនី TikTok និង Facebook ឈ្មោះ “Villa Gardenia Kep” បានបង្ហោះខ្លឹមសារចោទប្រកាន់ ឯកឧត្តម និងមនុស្សមួយចំនួនទៀតពាក់ព័ន្ធនឹងការទិញលក់ដីមួយកន្លែងនៅក្រុងកែប កាលពីឆ្នាំ២០១៧។ ខ្លឹមសារ ដែលគណនី TikTok និង Facebook ឈ្មោះ “Villa Gardenia Kep” កាលពីថ្ងៃទី ២៥ តុលា ២០២៦ បានអះអាថា អ្វីដែលបានកើតឡើងចំពោះរូបគេ គឺជាអំពើឆបោកអន្តរជាតិដ៏ធ្ងន់ធ្ងរ ដែលមានការពាក់ព័ន្ធនឹងបុគ្គលនៅក្នុងប្រទេសច្រើនជាងមួយ ហើយទាមទារឱ្យមានការស៊ើបអង្កេតអំពីតួនាទីអ្នកជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការទិញលក់ដី ការផ្ទេរកម្មសិទ្ធិ និងការបាត់បង់ប្រាក់របស់គេ។

ឆ្លើយតបនឹងការចោទប្រកាន់ខាងលើ ឯកឧត្តម ប៊ុន ហុន បានបញ្ជាក់ថា ទណ្ឌិត ជុំ វណ្ណៈ ត្រូវ បានតុលាការផ្តន្ទាទោសជាបន្តបន្ទាប់តាមសាលក្រមស្ថាពរជាច្រើន រួមមាន៖

សាលក្រមលេខ ២១១១ “ស” ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារ ១ ឆ្នាំ ពីបទ “ប្តឹងបរិហារបង្កាច់កេរ្តិ៍” ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

សាលក្រមលេខ ៤៥ “គ” ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តកែប ផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ខែ ពីបទ “ប្តឹងបរិហារបង្កាច់កេរ្តិ៍” ប្រព្រឹត្តនៅខេត្តកែប កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

សាលក្រមលេខ ១៦៩ “គ” ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តកំពត ផ្តន្ទាទោសដាក់ពន្ធនាគារ ២ ឆ្នាំ ពីបទ “ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស” ប្រព្រឹត្តនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

ដើមចម្ងាយនៃបទប្តឹងបរិហារបង្កាច់កេរ្តិ៍នេះ កើតចេញពីទណ្ឌិត ជុំ វណ្ណៈ បានប្រឌិតអង្គហេតុមិនពិតដើម្បីប្តឹងឯកឧត្តមនៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកែប។ ទោះជាយ៉ាងណា បន្ទាប់ពីស្ថាប័នអយ្យការស៊ើបអង្កេតយ៉ាងហ្មត់ចត់ រកឃើញថាជាអង្គហេតុប្រឌិត ទើបសម្រេចតម្កល់រឿងទុកឥតចាត់ការ ហើយឯកឧត្តមក៏បានប្រើសិទ្ធិតាមផ្លូវច្បាប់ប្តឹងបកវិញរហូតតុលាការផ្តន្ទាទោសទណ្ឌិតរូបនេះតែម្តង។ បច្ចុប្បន្ន ទណ្ឌិត ជុំ វណ្ណៈ បានរត់គេចខ្លួនទៅសម្ងំរស់នៅប្រទេសកាណាដា ដោយមិនហ៊ានចូលខ្លួនមកតតាំងច្បាប់នៅក្នុងប្រទេសកម្ពុជានោះឡើយ។

ដោយឡែក ចំពោះការអះអាងរបស់ស្វាមីទណ្ឌិត ជុំ វណ្ណៈ ដែលជាជនជាតិកាណាដានោះ ឯកឧត្តមបានគូសបញ្ជាក់ថា គឺជាការអះអាងខុសពីការពិត ដោយសារតែលោកមិនបានដឹងពីសាច់រឿងពិតប្រាកដ និងអាចរងការបោកប្រាស់ពីប្រពន្ធរបស់ខ្លួន។ កន្លងមក កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ មេធាវីតំណាងរបស់ឯកឧត្តមក៏បានបកស្រាយរួចមកហើយ ព្រមទាំងមានការបញ្ជាក់បន្ថែមពីជនរងគ្រោះជនជាតិកាណាដា ២ នាក់ប្តីប្រពន្ធ ដែលត្រូវទណ្ឌិត ជុំ វណ្ណៈ ប្រើល្បិចឆបោកយកដីធ្លីនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។ ដោយសារភាគីជនរងគ្រោះមានភស្តុតាងគ្រប់គ្រាន់ តុលាការគ្រប់ជាន់ថ្នាក់បានដោះស្រាយប្រគល់ដីនោះជូនជនរងគ្រោះជនជាតិកាណាដាវិញ ហើយសូម្បីតែអាជ្ញាធរកាណាដាក៏បានរកឃើញដែរថា បណ្តឹងរបស់ទណ្ឌិត ជុំ វណ្ណៈ ទៅលើជនជាតិកាណាដាទាំងពីរនាក់នោះ គឺគ្មានភស្តុតាងទាល់តែសោះ។

ឯកឧត្តម ប៊ុន ហុន បានគូសបញ្ជាក់បន្ថែមថា ការចេញមុខបកស្រាយសារជាថ្មីនេះ គឺដើម្បីកុំឱ្យសាធារណជនមានការយល់ច្រឡំតាមការផ្សព្វផ្សាយរបស់ទណ្ឌិតរូបនេះ ដែលកំពុងក្លែងខ្លួនជាជនរងគ្រោះ។ ឯកឧត្តមបានចាត់ទុកទណ្ឌិត ជុំ វណ្ណៈ ថាជាប្រភេទឧក្រិដ្ឋជនឆបោកជនបរទេស ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិសាសន៍ និងប្រទេសជាតិ ហើយឯកឧត្តមនឹងបន្តប្រើសិទ្ធិតាមផ្លូវច្បាប់ដើមបណ្តឹងបន្ថែមទៀត ប្រសិនបើបុគ្គលនេះនៅតែបន្តផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬបំភ្លៃការពិតទម្លាក់កំហុសមកលើរូបឯកឧត្តមតទៅទៀត៕

Share.