ភាពចម្រូងចម្រាសជុំវិញគោលនយោបាយ និងផែនការរៀបចំរចនាសម្ព័ន្ធថវិការបស់រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី អនុទិន ចាន់វិរកុល កំពុងរងការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់ក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ។ ពួកគេបានចេញមុខជំរុញ និងទាមទារយ៉ាងទទូចឱ្យប្រមុខរដ្ឋាភិបាលបដិសេធ ឬដកហូតយកមកវិញនូវសេចក្តីព្រាងច្បាប់ទាំងឡាយណា ដែលមានចេតនាកាត់បន្ថយ និងលុបបំបាត់ប្រភពមូលនិធិឯករាជ្យ ព្រមទាំងការបង្វែរប្រភពចំណូលពីពន្ធលើទំនិញគ្រោះថ្នាក់ ចូលទៅក្នុងថវិកាជាតិផ្ទាល់ ដែលសកម្មភាពនេះត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដាក់ស្ថាប័នសំខាន់ៗ ឱ្យស្ថិតក្រោមអំណាច និងការគ្រប់គ្រងរបស់រដ្ឋាភិបាល។

យោងតាមលទ្ធផលស្ទង់មតិសាធារណៈ និងកិច្ចប្រជុំពិភាក្សានៅក្នុងសភាបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋភាគច្រើនលើសលប់បានសម្តែងការជំទាស់យ៉ាងដាច់អហង្ការចំពោះការស្នើសុំកែប្រែច្បាប់ស្ដីពីស្ថាប័នសំខាន់ៗចំនួន៤ រួមមាន ស្ថាប័នទូរទស្សន៍ផ្សព្វផ្សាយសាធារណៈ ស្ថាប័នកីឡា មូលនិធិលើកកម្ពស់សុខភាពសាធារណៈ និងច្បាប់ស្ដីពីការថែទាំមនុស្សចាស់។ ការកែប្រែច្បាប់ទាំងនេះ នឹងធ្វើឱ្យស្ថាប័នទាំងនោះបាត់បង់ឯករាជ្យភាពខាងហិរញ្ញវត្ថុ និងប្រឈមមុខខ្ពស់នឹងការជ្រៀតជ្រែកអំណាចពីសំណាក់អ្នកនយោបាយ។

យ៉ាងណាម៉ិញ ក្រុមអ្នកឃ្លាំមើលសង្គមបានចោទប្រកាន់ថា ការព្យាយាមកាត់ផ្ដាច់ប្រភពថវិកាអចិន្ត្រៃយ៍ និងបង្វែរវាទៅជាថវិកាជាតិប្រចាំឆ្នាំ គឺជាល្បិចកលនយោបាយដ៏គ្រោះថ្នាក់មួយ ដើម្បីពង្រីកអំណាច និងដាក់សម្ពាធលើស្ថាប័នព័ត៌មាន និងអង្គការឯករាជ្យនានា មិនឱ្យមានសេរីភាពពេញលេញក្នុងការបញ្ចេញមតិរិះគន់ ឬតាមដានសកម្មភាពរបស់រដ្ឋាភិបាល។

ទោះបីជាលោកនាយករដ្ឋមន្ត្រី បានព្យាយាមគេចវេសដោយអះអាងថា ការកែប្រែច្បាប់ថវិកានេះជាកិច្ចការដែលត្រូវសម្រេចក្នុងសភាក៏ដោយ ក៏ក្រុមប្រឆាំង និងសង្គមស៊ីវិលនៅតែបន្តដាក់សម្ពាធយ៉ាងខ្លាំង ដោយព្រមានថា ប្រសិនបើរដ្ឋាភិបាលនៅតែបន្តជំរុញរបៀបវារៈនេះបន្តទៀត វានឹងក្លាយជាកំហុសឆ្គងនយោបាយ ដែលបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើភាពស្មោះត្រង់ និងតម្លាភាពរបស់រដ្ឋាភិបាលបច្ចុប្បន្ន៕

ប្រភព៖ Thai PBS

Share.