ដំណើរការនៃការអនុវត្តការងារគណនេយ្យភាពសង្គមក្នុងខេត្តកណ្តាល បានបង្ហាញពីវឌ្ឍនភាព និងប្រសិទ្ធភាពយ៉ាងខ្លាំងក្លា តាមរយៈការពង្រីកវិសាលភាពគ្របដណ្តប់ទូទាំងខេត្ត ស្របពេលដែលរដ្ឋបាលខេត្តបានដាក់ចេញនូវទិសដៅបន្តដើម្បីពង្រឹងតម្លាភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានគូសបញ្ជាក់ថា គណនេយ្យភាពសង្គម គឺជាស្ពានចងក្រងទំនាក់ទំនងដ៏សំខាន់រវាងប្រជាពលរដ្ឋ និងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបើកឱកាសទូលំទូលាយឱ្យប្រជាពលរដ្ឋបានចូលរួមបញ្ចេញមតិយោបល់ និងតាមដានការបំពេញការងាររបស់មន្ត្រី ក៏ដូចជាអង្គភាពផ្តល់សេវានានា។

ភាពជោគជ័យ និងការរីកចម្រើននៃកិច្ចការងារនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈតួលេខនៃការអនុវត្តជាក់ស្តែង។ ប្រសិនបើគិតចាប់ផ្តើមដំបូងក្នុងឆ្នាំ២០២០ ខេត្តកណ្តាលអនុវត្តបានត្រឹមតែលើក្រុង-ស្រុកចំនួន ៨ ប៉ុណ្ណោះ ប៉ុន្តែចាប់ពីឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្នឆ្នាំ២០២៦ រដ្ឋបាលខេត្តបានពង្រីកការអនុវត្តរហូតដល់ ១៣ ក្រុង-ស្រុក គ្របដណ្តប់ទាំងស្រុង។

បច្ចុប្បន្ន គម្រោងនេះមានអង្គភាពអនុវត្តសរុបចំនួន ៦១៤ អង្គភាព ដែលក្នុងនោះរួមមាន៖ ឃុំ-សង្កាត់ ចំនួន ១២៧ មណ្ឌលសុខភាព ចំនួន ១១០ សាលាបឋមសិក្សា ចំនួន ៣៦៤។ ចំពោះកិច្ចដំណើរការអនុវត្តការងារនេះ ទទួលបានការគាំទ្រថវិកាយ៉ាងសកម្មពីប្រភពសំខាន់ៗចំនួន ៣ គឺ ថវិការដ្ឋបាលខេត្ត ថវិការដ្ឋបាលក្រុង-ស្រុក និងថវិការដ្ឋបាលឃុំ-សង្កាត់ ដែលធានាបាននូវនិរន្តរភាព និងភាពម្ចាស់ការនៅមូលដ្ឋាន។

ដើម្បីធានាថាការផ្តល់សេវាសាធារណៈកាន់តែឆ្លើយតបចំតម្រូវការ និងទាន់ពេលវេលា រដ្ឋបាលខេត្តកណ្តាលបានដាក់ចេញនូវទិសដៅការងារសំខាន់ៗចំនួនបី៖ ១.បង្កើនការសម្របសម្រួលរវាងអាជ្ញាធរដែនដី មន្ត្រីជំនាញ និងអង្គការសង្គមស៊ីវិលឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់។ ២.ពង្រឹងការផ្សព្វផ្សាយព័ត៌មានកញ្ចប់ថវិកា និងស្តង់ដារសេវាសាធារណៈតាមគ្រប់រូបភាព ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់ និងចូលរួមសកម្មភាពមូលដ្ឋានកាន់តែច្រើន។ ៣.បន្តបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពដល់មន្ត្រីអនុវត្តការងារគណនេយ្យភាពសង្គមទាំងនៅថ្នាក់ក្រុង-ស្រុក និងថ្នាក់ឃុំ-សង្កាត់។

ជាចុងក្រោយ ឯកឧត្តមអភិបាលរងខេត្តកណ្ដាល ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តសហការគ្នាយ៉ាងស្អិតរមួតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថាប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាលទទួលបានសេវាសាធារណៈដែលមានគុណភាព តម្លាភាព និងភាពសុចរិតកម្រិតខ្ពស់បំផុត៕

Share.