ប៉េកាំង៖ នៅថ្ងៃអង្គារនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំជូនដល់ក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ាស៊ូអូ ហ្វុគូដា (Yasuo Fukuda) ដែលបានទទួលមរណភាពកាលពីសប្តាហ៍មុន។ ទន្ទឹមនឹងការសម្តែងសេចក្តីសោកស្តាយនេះដែរ មេដឹកនាំចិនរូបនេះក៏បានឆ្លៀតឱកាសអំពាវនាវយ៉ាងទទូចដល់ថ្នាក់ដឹកនាំជប៉ុនបច្ចុប្បន្ន ឱ្យខិតខំការពារមូលដ្ឋានគ្រឹះនយោបាយ នៃទំនាក់ទំនងរវាងប្រទេសទាំង២ ដែលកំពុងតែធ្លាក់ចូលទៅក្នុងភាពតានតឹងយ៉ាងខ្លាំងចាប់តាំងពីចុងឆ្នាំមុនមក។

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី លោក ហ្វុគូដា បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ក្នុងវ័យ ៩០ឆ្នាំ ដោយសារជំងឺខ្សោយបេះដូង។ ក្នុងអំឡុងពេលកាន់អំណាច ទោះបីជាអាណត្តិរបស់លោកមានរយៈពេលខ្លីក៏ដោយ ក៏លោកបានខិតខំយ៉ាងសកម្មក្នុងការស្វែងរកការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ី ជាពិសេសគឺប្រទេសចិន ដែលទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរតែងតែមានភាពតានតឹងជាប្រចាំ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួរ លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា លោក ហ្វុគូដា គឺជាអ្នកនយោបាយជប៉ុនម្នាក់ដែលមានភាពស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងជាមិត្តចាស់ដ៏ស្និទ្ធស្នាលរបស់ប្រជាជនចិន។ លើសពីនេះទៅទៀត លោក ហ្វុគូដា ក៏ត្រូវបានគេទទួលស្គាល់ថា ជាបុគ្គលម្នាក់ដែល ប្រកាន់ខ្ជាប់នូវទស្សនៈប្រវត្តិសាស្ត្រត្រឹមត្រូវផងដែរ។

អ្នកវិភាគមើលឃើញថា ការលើកឡើងរបស់ប្រធានាធិបតីចិនរូបនេះ គឺជាការសំដៅដោយផ្ទាល់យ៉ាងកម្រទៅលើស្ថានភាពទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ ចាប់តាំងពីទំនាក់ទំនងទ្វេភាគីនេះបានធ្លាក់ចុះដុនដាបយ៉ាងធ្ងន់ធ្ងរកាលពីចុងឆ្នាំមុនមកម្ល៉េះ។

ដើមហេតុដែលនាំឱ្យទំនាក់ទំនងរវាងចិន និងជប៉ុន ធ្លាក់ចុះដល់កម្រិតអាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ គឺកើតចេញពីសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីជប៉ុនបច្ចុប្បន្ន លោកស្រី សាណែ តាកាអ៊ីឈិ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដែលកាលណោះ លោកស្រីបានធ្វើឱ្យទីក្រុងប៉េកាំង ខឹងសម្បាយ៉ាងខ្លាំង ដោយបានសង្កត់ធ្ងន់ថា ប្រទេសជប៉ុនអាចនឹងត្រូវដាក់ពង្រាយកងទ័ពរបស់ខ្លួន ប្រសិនបើសកម្មភាពយោធារបស់ចិនប្រឆាំងនឹងកោះតៃវ៉ាន់ បង្កការគំរាមកំហែងដល់សន្តិសុខ និងទឹកដីរបស់ជប៉ុន។

ជាការឆ្លើយតបភ្លាមៗ ទីក្រុងប៉េកាំង បានចាត់ទុកសម្ដីរបស់លោកស្រី តាកាអ៊ីឈិ ថាជា ទង្វើអាក្រក់ខ្លាំងខុសពីធម្មតា ព្រមទាំងបានទាមទារឱ្យលោកស្រីដកពាក្យសម្តីទាំងនោះវិញជាបន្ទាន់។ មិនតែប៉ុណ្ណោះ ដើម្បីជាវិធានការឆ្លើយតប ប្រទេសចិនថែមទាំងបានណែនាំឱ្យប្រជាពលរដ្ឋរបស់ខ្លួនចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងបានប្រកាសហាមឃាត់ការនាំចេញទំនិញមួយចំនួនទៅឱ្យជប៉ុន ដែលអាចយកទៅប្រើប្រាស់ក្នុងវិស័យយោធា រួមទាំងរ៉ែដីកម្រ (Rare Earths) ផងដែរ។

យ៉ាងណាមិញ នៅក្នុងសារលិខិតដដែលនោះ លោក ស៊ី ជីនពីង បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា៖ «ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំជប៉ុនបច្ចុប្បន្ន នឹងចេះថែរក្សានូវកិច្ចខិតខំប្រឹងប្រែងដ៏លំបាកស្មុគស្មាញរបស់ថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងគោរពតាមឯកសារនយោបាយទាំង៤ រវាងចិន និងជប៉ុន ហើយខិតខំការពារមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងទ្វេភាគីឱ្យបានគត់មត់»។

ជាចុងក្រោយ មេដឹកនាំចិនរូបនេះបានបន្ថែមថា ប្រទេសចិន នឹងចងចាំជានិច្ចនូវរាល់ការរួមចំណែកដ៏មានតម្លៃរបស់ លោក ហ្វុគូដា ក្នុងការកសាងទំនាក់ទំនងចិន-ជប៉ុន ក៏ដូចជាការចូលរួមអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីទាំងមូល៕

ប្រភព៖ CNA

Share.