ក្រសួងព័ត៌មាន សហការជាមួយកាកបាទក្រហមកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលការណ៍គ្រឹះនៃចលនាអន្តរជាតិ ការប្រើប្រាស់ និងការការពារបដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌អន្តរជាតិ» ជូនដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកាឌីជីថល និងមន្ត្រីរាជការ នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ នេះ ដើម្បីបង្កើនការយល់ដឹង ទប់ស្កាត់ការប្រើប្រាស់បដិរូបខុសច្បាប់ និងពង្រឹងកិច្ចការពារមនុស្សធម៌នៅក្នុងបរិការណ៍សង្គមបច្ចុប្បន្ន។

ក្នុងពិធីបើកសិក្ខាសាលានេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអំពាវនាវឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាទាំងអស់ ចូលរួមការពារកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា និងរាយការណ៍អំពីករណីយកបដិរូបទៅប្រើប្រាស់ខុសច្បាប់ ដូចជាការបិទលើគ្លីនិកឯកជន ឬយានយន្តអាជីវកម្មផ្សេងៗ។ លោកជំទាវបានគូសបញ្ជាក់ថា បដិរូបកាកបាទក្រហមមិនមែនជានិមិត្តសញ្ញាពាណិជ្ជកម្ម ឬលោហ្គោទូទៅឡើយ ប៉ុន្តែជាសញ្ញាសម្គាល់នៃការការពារដែលត្រូវគ្រប់គ្រងដោយព្រះរាជក្រឹត្យជាតិ និងអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ដោយមានស្ថាប័នតែ ៤ ប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់ (ICRC, IFRC, សមាគមជាតិកាកបាទក្រហមកម្ពុជា និងសេវាវេជ្ជសាស្ត្រយោធា)។

ជាមួយគ្នានេះ លោកជំទាវបានរំលេចអនុសាសន៍របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ដោយសង្កត់ធ្ងន់ថា ច្បាប់មនុស្សធម៌អន្តរជាតិជាកាតព្វកិច្ចដែលមន្ត្រីគ្រប់រូបត្រូវយល់ដឹង ដូចជាការគោរពជីវិតមនុស្ស និងការរក្សាអព្យាក្រឹតភាព ហើយលោកជំទាវសង្ឃឹមយ៉ាងមុតមាំថាអ្នកសារព័ត៌មានទាំងអស់នឹងក្លាយជា «ទូតសុឆន្ទៈមនុស្សធម៌» ក្នុងការផ្សព្វផ្សាយបន្តដល់សង្គម។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកពីករណីប្រឈមនាពេលកន្លងមក ដែលមានក្រុមសម្តែងកំប្លែងបានយកឯកសណ្ឋាន និងបដិរូបកាកបាទក្រហមទៅប្រើប្រាស់ក្នុងទម្រង់កម្សាន្តខុសបច្ចេកទេស ព្រមទាំងបញ្ហាប្រឈមនៃព័ត៌មានមិនច្បាស់លាស់នាអំឡុងពេលមានជម្លោះប្រដាប់អាវុធតាមព្រំដែន។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ ៤ ចំណុចសំខាន់ៗ ដល់សិក្ខាកាម រួមមាន៖ ទី១- យកចិត្តទុកដាក់ស្វែងយល់ឱ្យបានស៊ីជម្រៅអំពីគោលការណ៍គ្រឹះទាំង៧ និងច្បាប់មនុស្សធម៌, ទី២- លើកកម្ពស់ការប្រើប្រាស់ និងចូលរួមការពារបដិរូបឱ្យបានត្រឹមត្រូវតាមច្បាប់, ទី៣- ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ក្នុងការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន, និងទី៤- ប្រើប្រាស់ឥទ្ធិពលឌីជីថល និងទេពកោសល្យច្នៃប្រឌិត ដើម្បីផលិតមាតិកាកសាងវប្បធម៌សន្តិភាព និងសាមគ្គីភាពក្នុងសង្គម។
ឯកឧត្តមបានសម្តែងនូវជំនឿយ៉ាងមុតមាំថា អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកានឹងក្លាយជាដៃគូយុទ្ធសាស្ត្រយ៉ាងសំខាន់ ព្រមទាំងបានអះអាងថា ក្រសួងព័ត៌មាននឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលបែបនេះជាបន្តបន្ទាប់ទៀត៕


