ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ឃាត់ខ្លួនបាន ពាក់ព័ន្ធករណីធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីយុវជនម្នាក់ ខណៈបក្ខពួក២នាក់ទៀតបានរត់គេចខ្លួន កាលពីវេលាម៉ោង ២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុងច្រកចូលផ្ទះសំណាក់៣ដុល្លា ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន៖ ទី១ ឈ្មោះ រឹម សុធារ៉ាម អាយុ២៥ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ទី២ ឈ្មោះ ម៉ែន ពិសិដ្ឋ អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី៣ ឈ្មោះ ហឿន មិនា អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
ចំណែកបក្ខពួក២នាក់ទៀតដែលកំពុងរត់គេចខ្លួន មានឈ្មោះ អាហេង អាយុ១៨ឆ្នាំ និងឈ្មោះ អាឡុង អាយុ១៨ឆ្នាំ ដែលមានទីលំនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។ ចំពោះជនរងគ្រោះមានឈ្មោះ វិត ចិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1MO-8474 ចំនួន១គ្រឿង ដែលជាម៉ូតូរបស់ជនរងគ្រោះត្រូវបានជនសង្ស័យវាយយក ទូរស័ព្ទដៃចំនួន៣គ្រឿង និងម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LX-6750 ចំនួន១គ្រឿង ដែលជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌចាត់ការបន្តតាមនីតិវិធី ខណៈសមត្ថកិច្ចបន្តស្វែងរកបក្ខពួក២នាក់ទៀតដែលកំពុងរត់គេចខ្លួន៕

