នៅក្នុងដំណើរការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរ រដ្ឋបាលថ្នាក់ក្រោមជាតិដើរតួជាសរសៃឈាមយ៉ាងសំខាន់ក្នុងការតភ្ជាប់រវាងគោលនយោបាយជាតិ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ប្រៀបដូចជាបេះដូងដែលជាទីតាំងប្រមូលផ្ដុំនៃសរសៃឈាមរបស់រាងកាយ។ ដើម្បីឱ្យសរសៃឈាមនេះដំណើរការទៅបានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ការផ្លាស់ប្ដូរផ្នត់គំនិត និងរបៀបរបបធ្វើការងារពី «ការអង្គុយរង់ចាំបញ្ជា» ពីថ្នាក់លើមកជា «ការម្ចាស់ការលើភារកិច្ច» របស់ខ្លួន គឺជាកាតាលីករមិនអាចខ្វះបានឡើយ។ នេះមិនមែនជាការរិះគន់ដើម្បីបង្អាប់នោះទេ ប៉ុន្តែជាការបើកទំព័រទស្សនៈបែបស្ថាបនា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងពង្រឹងយន្តការការងារឱ្យកាន់តែមានភាពរស់រវើក សំដៅធ្វើយ៉ាងណាឱ្យការងារនៅក្នុងមូលដ្ឋានមានដំណើរការល្អ លឿន រហ័ស និងរលូនជាទីបំផុត។

ចំពោះសារៈសំខាន់នៃការម្ចាស់ការនេះ មន្ត្រីរាជការម្នាក់ៗមិនថាក្នុងឋានៈ ឬតួនាទីណានោះទេ សុទ្ធតែមានការកំណត់ភារកិច្ច និងការទទួលខុសត្រូវច្បាស់លាស់រួចជាស្រេចដោយលិខិតបទដ្ឋានគតិយុត្ត។ នៅពេលដែលមន្ត្រីថ្នាក់មូលដ្ឋានយល់ច្បាស់ពីតួនាទីរបស់ខ្លួន ហើយហ៊ានដើរតួជាម្ចាស់ការលើការងារនោះ ប្រជាពលរដ្ឋនឹងទទួលបានសេវាសាធារណៈមួយដែលមានភាពរហ័សទាន់ចិត្ត ដោយយើងមិនចាំបាច់រង់ចាំទាល់តែមានបទបញ្ជាផ្ទាល់ពីអភិបាលខេត្ត អភិបាលស្រុក ឬប្រធានស្ថាប័ន ទើបចាប់ផ្ដើមអនុវត្តការងារដែលជាកាតព្វកិច្ចប្រចាំថ្ងៃនោះឡើយ ហើយស្មារតីបុរេសកម្មនេះហើយដែលធ្វើឱ្យរដ្ឋបាលសាធារណៈក្លាយជាបង្អែកដ៏កក់ក្តៅរបស់ពលរដ្ឋ។ នៅក្នុងការអនុវត្តជាក់ស្ដែង ការហ៊ានធ្វើការងារ និងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗរបស់មន្ត្រីថ្នាក់ក្រោម ជួនកាលអាចបង្កើតជាក្តីបារម្ភមិនទាន់ច្បាស់លាស់មួយសម្រាប់ថ្នាក់ដឹកនាំថាជា «ការធ្វើយកមុខជំនួស» ប៉ុន្តែបញ្ហាប្រឈមនេះអាចដោះស្រាយបានតាមរយៈសិល្បៈនៃការប្រាស្រ័យទាក់ទង និងការផ្ដោតលើការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក។ ការធ្វើការងារដោយម្ចាស់ការ មិនមែនមានន័យថាធ្វើដោយឯកឯងនោះទេ តែការរាយការណ៍ និងសុំយោបល់ជូនថ្នាក់ដឹកនាំជាមុនអំពីផែនការសកម្មភាព គឺជាការបង្ហាញការគោរព និងតម្លាភាព ព្រមទាំងការតម្កល់កិត្តិយសជូនសមូហភាព ដោយចាត់ទុករាល់សមិទ្ធផលដែលសម្រេចបានជាស្នាដៃរួមរបស់អង្គភាពក្រោមការដឹកនាំ និងតម្រង់ទិសរបស់ប្រធានស្ថាប័ន ដែលធ្វើឱ្យពួកគាត់មានអារម្មណ៍ថទទួលបានការគោរព ទទួលបានក្រេឌីតសមរម្យ និងក្លាយជាខ្នងបង្អែកដ៏រឹងមាំក្នុងការបើកផ្លូវឱ្យមន្ត្រីថ្នាក់ក្រោមហ៊ានបញ្ចេញសមត្ថភាពបន្ថែមទៀត។

ទន្ទឹមនឹងនេះ មន្ត្រីគ្រប់រូបត្រូវមានស្មារតីហ៊ានធ្វើ ហ៊ានច្នៃប្រឌិត ដោយតម្កល់ផលប្រយោជន៍រួមជាធំ និងកុំខ្លាចខុសពេក រហូតដល់មិនហ៊ានធ្វើអ្វីសោះ។ នៅក្នុងពិភពលោកដែលកំពុងវិវត្តយ៉ាងលឿន វិធីសាស្ត្រចាស់ៗមិនអាចដោះស្រាយបញ្ហាថ្មីៗបានឡើយ ហើយការសាកល្បងគំនិតច្នៃប្រឌិតថ្មីៗក្នុងការបម្រើរាស្ត្រ អាចនឹងជួបប្រទះនូវកំហុសឆ្គងបច្ចេកទេសតូចតាចខ្លះជាយថាហេតុ ប៉ុន្តែដរាបណាការសម្រេចចិត្តទាំងនោះត្រូវបានធ្វើឡើងដោយការពិចារណាយ៉ាងម៉ត់ចត់ និងឈរលើចេតនាស្មោះត្រង់ក្នុងការតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ឬប្រយោជន៍រួមជាធំ នោះកំហុសឆ្គងទាំងនោះគឺជាមេរៀនសម្រាប់ការកែលម្អ មិនមែនជាទោសកំហុសដែលត្រូវចាប់ទោសអូសដំណើរនោះឡើយ ដូចពាក្យចាស់ពោលថា អ្នកធ្វើរមែងគេចមិនផុតពីកំហុស ទាល់តែអង្គុយស្ងៀមមិនធ្វើអ្វីសោះទើបមិនមានកំហុសកើតឡើង។ លើសពីនេះ ការធ្វើជាមន្ត្រីរាជការ មិនមែនគ្រាន់តែជាការស្វែងរកមុខរបរដើម្បីសេដ្ឋកិច្ចគ្រួសារតែមួយមុខនោះទេ ប៉ុន្តែវាគឺជាការលះបង់ និងការបម្រើសង្គមជាតិ ហើយប្រសិនបើបុគ្គលម្នាក់មានអារម្មណ៍ថាខ្លួនមិនមានចិត្តស្រឡាញ់ការងាររដ្ឋបាលសាធារណៈ ឬមិនអាចលះបង់ដើម្បីផលប្រយោជន៍រួមបានទេ ការជ្រើសរើសផ្លូវដើរផ្សេងដូចជាការធ្វើអាជីវកម្មដោយខ្លួនឯង ឬបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជន អាចជារឿងល្អប្រសើរជាង ដើម្បីផ្ដល់ឱកាសឱ្យខ្លួនឯងបានជោគជ័យតាមចំណង់ចំណូលចិត្តពិតប្រាកដផង និងបើកឱកាសឱ្យយុវជនជំនាន់ក្រោយដែលមានឈាមជ័រអ្នកបម្រើសង្គម មានឆន្ទៈខ្ពស់ បានចូលមកបំពេញតួនាទី និងអភិវឌ្ឍប្រទេសជាតិវិញ។

ជាសន្និដ្ឋាន ការដុះខាត់វប្បធម៌ម្ចាស់ការលើការងារខ្លួន និងស្រឡាញ់ភារកិច្ចរបស់មន្ត្រីថ្នាក់ក្រោមជាតិ មិនអាចធ្វើឡើងតែម្នាក់ឯងបានទេ វាទាមទារការស្រុះដៃគ្នា យល់ចិត្ត និងផ្ដល់ឱកាសដោយមិនមានការសង្ស័យ ស្របតាមគោលការណ៍វិមជ្ឈការនិងវិសហមជ្ឈការដ៏ច្បាស់លាស់ ពោលគឺមន្ត្រីថ្នាក់ក្រោមហ៊ានគិត ហ៊ានធ្វើ ដោយការគោរព ចំណែកឯថ្នាក់ដឹកនាំហ៊ានបើកចិត្ត ផ្ដល់ឱកាស និងការពារមន្ត្រីដែលមានឆន្ទៈបម្រើរាស្ត្រដើម្បីឧត្តមប្រយោជន៍រួម។ នៅពេលដែលយន្តការទាំងពីរកម្រិតនេះរត់ស្របគ្នា ដោយមាន «ផលប្រយោជន៍ពលរដ្ឋ» ជាត្រីវិស័យ នោះរដ្ឋបាលសាធារណៈរបស់យើងនឹងក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពល ក្នុងការនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ជាក់ជាមិនខានឡើយ៕

អត្ថបទ៖ ទស្សនៈស្មេរ

ប្រសិនបើប្រិយមិត្តមានបទវិភាគ អត្ថបទទស្សនៈ ឬមតិស្ថាបនាជុំវិញបញ្ហាសង្គម និងការកែ​លម្អ​សេវា​សាធារណៈ សូមផ្ញើអត្ថបទរបស់លោកអ្នកមកកាន់សារព័ត៌មាន ត្រយង តាមរយៈ Telegram៖ 099 588 880 ទំនាក់ទំនងទូរស័ព្ទ៖ 066 999 434 ឬទំព័រហ្វេសប៊ុកផ្លូវការ Troryorng News។ យើងខ្ញុំរង់ចាំទទួល និង​សហការ​ផ្សព្វផ្សាយរាល់ទស្សនៈស្ថាបនាដើម្បីសង្គមយើង!

Share.