ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្តីជូនដំណឹងអំពីហានិភ័យនៃការវាយប្រហារតាមរយៈកម្មវិធី Telegram ដោយប្រើប្រាស់មុខងារហៅជាសំឡេង (Voice Call) ដែលអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាព និងទិន្នន័យរបស់អ្នកប្រើប្រាស់ ជាពិសេសអ្នកដែលប្រើប្រាស់កម្មវិធី Telegram លើប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ 12.x.x។

តាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា អ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យា បានរកឃើញការវាយប្រហារមួយតាមរយៈកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលជនខិលខូចអាចប្រើប្រាស់មុខងារហៅជាសំឡេង (Voice Call) ដើម្បីធ្វើសកម្មភាពវាយប្រហារ និងគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់ នៅពេលដែលអ្នកប្រើប្រាស់លើកទទួលការហៅចូល។

តាមការបញ្ជាក់ក្នុងសេចក្តីជូនដំណឹង ហានិភ័យនៃការវាយប្រហារនេះអាចកើតមានចំពោះអ្នកប្រើប្រាស់ Telegram ដោយអាស្រ័យលើការកំណត់មួយចំនួននៅក្នុងកម្មវិធី (Settings)។ ដូច្នេះ អ្នកប្រើប្រាស់គួរយកចិត្តទុកដាក់ពិនិត្យមើលការកំណត់ក្នុងកម្មវិធីរបស់ខ្លួន និងបង្កើនការប្រុងប្រយ័ត្នចំពោះការហៅចូលតាមរយៈ Telegram ជាពិសេសនៅពេលមានការហៅចូលពីប្រភពដែលមិនស្គាល់។

ជុំវិញបញ្ហានេះ នាយកដ្ឋានបានក្រើនរំលឹកជាពិសេសដល់អ្នកប្រើប្រាស់ Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ 12.x.x ឱ្យចាត់វិធានការការពារជាបន្ទាន់ ដោយធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែ Version 12.10.4 ឬកំណែថ្មីជាងនេះ ដើម្បីជួយកាត់បន្ថយហានិភ័យ និងបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់។

ក្រៅពីការធ្វើបច្ចុប្បន្នភាពកម្មវិធី អ្នកប្រើប្រាស់ក៏គួរពិនិត្យ និងយកចិត្តទុកដាក់លើការកំណត់ (Settings) នៅក្នុង Telegram របស់ខ្លួនផងដែរ ព្រោះការវាយប្រហារនេះត្រូវបានរកឃើញថា អាចពាក់ព័ន្ធនឹងការកំណត់មុខងារមួយចំនួននៅក្នុងកម្មវិធី។ ដូច្នេះ ដើម្បីជួយការពារការហៅចូលដែលមានហានិភ័យនៃការបោកប្រាស់ និងបង្កើនលទ្ធភាពក្នុងការរាយការណ៍ព័ត៌មានជូនសមត្ថកិច្ច នាយកដ្ឋានក៏បានណែនាំឱ្យប្រជាពលរដ្ឋទាញយក និងដំឡើងកម្មវិធី Kapea Scams នៅលើទូរសព្ទដៃរបស់ខ្លួនផងដែរ។

សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android អាចស្វែងរកកម្មវិធីតាមរយៈ Google Play Store ចំណែកអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS អាចទាញយកតាមរយៈ App Store តាមតំណភ្ជាប់ខាងក្រោម៖

ក្នុងករណីមានចម្ងល់ ឬត្រូវការព័ត៌មានបន្ថែម ប្រជាពលរដ្ឋអាចទាក់ទងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាតាមរយៈលេខទូរសព្ទ ០២៣ ៧២៦ ៨២២។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់លើសុវត្ថិភាពក្នុងការប្រើប្រាស់កម្មវិធីទំនាក់ទំនងតាមប្រព័ន្ធអនឡាញ ព្រមទាំងចាត់វិធានការការពារទិន្នន័យផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងហានិភ័យដែលអាចកើតមានពីបទល្មើសបច្ចេកវិទ្យា។ ជាមួយគ្នានោះ នាយកដ្ឋានបានបញ្ជាក់ពីការចូលរួមរបស់ប្រជាពលរដ្ឋក្រោមស្មារតី «យើងរួមគ្នា ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា»៕

Share.