បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ ឱ្យនាំកូនៗដែលគ្រប់អាយុចូលរៀន ទៅចុះឈ្មោះ និងសិក្សានៅតាមសាលារៀនជិតផ្ទះ ដោយមិនត្រូវទុកឱ្យកុមារណាម្នាក់បាត់បង់ឱកាសទទួលបានការអប់រំនោះឡើយ។

ការជំរុញនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អ៊ុំ រាត្រី អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅសាលាបឋមសិក្សារហាត់ទឹក ស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា «ការសិក្សា គឺជាពន្លឺនៃជីវិត និងជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់អនាគតកូនៗគ្រប់រូប» ជាងនេះទៅទៀតការអប់រំក៏ជាកាដូដ៏មានតម្លៃបំផុត ដែលឪពុកម្តាយ និងអាណាព្យាបាលអាចផ្តល់ឱ្យកូនៗបាន ព្រោះចំណេះដឹងអាចជួយកសាងអនាគតឱ្យកុមារផុតពីភាពក្រីក្រ និងក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវយ៉ាងទទូចដល់មាតាបិតា និងអាណាព្យាបាល កុំឱ្យបណ្តោយកូនៗ ឬចៅៗដែលគ្រប់អាយុចូលរៀន ឱ្យខកខានឱកាសសិក្សា ត្រូវនាំពួកគេទៅចុះឈ្មោះ និងចូលរៀនឱ្យបានគ្រប់ៗគ្នា ដោយមិនត្រូវទុកក្មេងណាម្នាក់ចោល ឬបោះបង់ការសិក្សាឡើយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំដល់សិស្សានុសិស្សឱ្យខិតខំសិក្សារៀនសូត្របន្ថែមទាំងនៅសាលារៀន បណ្ណាល័យ និងនៅផ្ទះ ព្រមទាំងប្រើប្រាស់ពេលទំនេរឱ្យមានប្រយោជន៍ ដោយជួយការងារឪពុកម្តាយ និងចៀសវាងសកម្មភាពដែលប៉ះពាល់ដល់កិត្តិយសគ្រួសារ និងសង្គមជាតិ។

ក្រៅពីការសិក្សា ឯកឧត្តម អ៊ុំ រាត្រី ក៏បានអំពាវនាវដល់អាណាព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ឱ្យបន្តចូលរួមគោរពច្បាប់ចរាចរណ៍ និងមានការប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរ ជាពិសេស សិស្សានុសិស្សត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍។ នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម អ៊ុំ រាត្រី បានផ្តល់ប័ណ្ណសរសើរជូនដល់សិស្សានុសិស្សពូកែ និងលិខិតសរសើរជូនលោកគ្រូ អ្នកគ្រូ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនដល់សាលាបឋមសិក្សារហាត់ទឹកផងដែរ៕

Share.