នៅក្នុងឱកាសប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (LMC) លើកទី១១ នៅទីក្រុងប៉េកាំង លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រិបត្តិការអន្តរជាតិកម្ពុជា ព្រមទាំងលោក ស៊ីហាស័ក ពួងកេតកែវ (Sihasak Phuangketkeow) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ចូលរួមក្នុងជំនួបពិភាក្សាបែបមិនផ្លូវការ “តែមួយពែង” (Tea Chat) ដើម្បីផ្លាស់ប្តូរយោបល់លើការលើកកម្ពស់ទំនុកចិត្ត និងការរក្សាសន្តិសុខក្នុងតំបន់។ នេះបើយោងតាមសារ ដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jianku កាលពីម៉ោង១០យប់ ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Guo Jianku គូសរំលេចបន្ថែមថា នៅក្នុងជំនួបដ៏ស្និទ្ធស្នាលនេះ ភាគីទាំងបីបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងប្រកបដោយលទ្ធផលវិជ្ជមាន ស្តីពីការរៀបចំវិធានការបង្កើតទំនុកចិត្តរវាងប្រទេសជិតខាង ព្រមទាំងការបន្តជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងថៃឱ្យកាន់តែល្អប្រសើរឡើង។ បន្ថែមពីនេះ កិច្ចពិភាក្សាក៏បានផ្តោតលើការរួមគ្នារក្សាស្ថិរភាព សន្តិសុខ និងសន្តិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ ក្នុងគោលដៅបង្កើតបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងបីឱ្យកាន់តែជិតស្និទ្ធ៕

