ប្រទេសចិនបានអះអាងជាថ្មីនូវជំហរយ៉ាងរឹងមាំក្នុងការធ្វើជា «បង្អែកយុទ្ធសាស្ត្រដែលគួរឱ្យទុកចិត្តបំផុត» របស់កម្ពុជា ដោយបានប្តេជ្ញាបន្តគាំទ្រកម្ពុជាយ៉ាងពេញទំហឹងលើផ្លូវនៃការអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការជួយគ្នាប្រឈមមុខនឹងការប្រែប្រួល និងការប្រឈមនានាពីខាងក្រៅ។

ការប្តេជ្ញាចិត្តដ៏មានទម្ងន់នេះ ត្រូវបានឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា យកមកគូសរំលេច និងបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ដោយបានដកស្រង់នូវប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ក្នុងអំឡុងពេលជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

តាមរយៈសារនោះ ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់ថា កម្ពុជា និងចិនគួរតែរៀបចំការរៀបចំទុកជាមុនឱ្យបានរឹងមាំសម្រាប់ជំនួបផ្លាស់ប្តូរកម្រិតខ្ពស់នាដំណាក់កាលខាងមុខ ដើម្បីការពារផលប្រយោជន៍យុទ្ធសាស្ត្ររួមនៃប្រទេសទាំងពីរ ព្រមទាំងរុញច្រានការអភិវឌ្ឍ «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆានិងស្រូវ» ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យសំខាន់ៗផ្សេងទៀត។

បន្ថែមលើនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការបន្តរក្សាការបង្រ្កាបយ៉ាងម៉ឺងម៉ាត់ និងស្វាហាប់លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអនឡាញ ដោយធានាថាក្រុមឧក្រិដ្ឋជនទាំងនេះមិនអាចរៀបចំកម្លាំងឡើងវិញបានឡើយ ព្រមទាំងបង្កើនកិច្ចសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនៅលើវេទិកាពហុភាគីនានា៕

Share.