លោក​ ប៉ុល​ សារឿង​ ​ហៅ​តាក់ស៊ី​ ក៏​មិន​ខុស​ពី​អ្នក​សិល្បៈ​មួយ​ចំនួន​ដែរ​ ដែល​រង​នូវ​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដោយ​សារ​វិបត្តិ​កូវីដ​-​១៩​ ​ប៉ុន្តែ​លោក​​មាន​ភ័ព្វ​សំណាង​ខ្ពស់​ជាង​មិត្ត​រួម​អាជីព​មួយ​ចំនួន​ ព្រោះ​លោក​មាន​មិត្តភក្ដិ​ជិតស្និទ្ធ​បាន​ជួយ​ជ្រោមជ្រែង​​ឱ្យ​ផ្ទះ​មួយ​ល្វែង​ដល់​លោក​រស់​នៅ​ ថែម​ទាំង​ជួយ​ផ្ចុងផ្ដើម​​ផ្ដល់​មុខ​របរ​ដល់​លោក​ដែល​មាន​ខ្ទង់​ចំណាយ​រហូត​ដល់​​ម៉ឺន​ដុល្លារ​ឯណោះ​​។

​លោក​ តាក់ស៊ី ត្រៀម​នឹង​បើក​ហាង​លក់​ពូក​​នាំ​ចូល​ពី​បរទេស​ដែល​គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​​អស់​រាប់​ម៉ឺន​ដុល្លារ​ ​ប៉ុន្តែ​សាមី​ខ្លួន​មិន​ចាំ​បាច់​ចាយប្រាក់​ផ្ទាល់​ខ្លួន​​នោះ​ទេ​។​​​​​​​

លោក​តាក់ស៊ី​បាន​ត្អូញត្អែរ​និង​រំលឹក​ពី​រឿង​លំបាក​ដែល​លោក​ជួប​ប្រទះ​ក្នុង​កំឡុង​កូវីដ​-​១៩​ រីក​រាលដាល​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​មិនអាច​រក​ប្រាក់​ចំណូល ថែម​ទាំង​ត្រូវ​ចំណាយ​ច្រើន​​ដូច​ជា​​ចំណាយ​លើ​​ថ្លៃ​ផ្ទះ​ជួល​ លើ​ថ្លៃ​ទឹក ​ថ្លៃ​ភ្លើង និង​​ចំណាយ​លើ​ការ​ថែ​ទាំ​សុខ​ភាព​​។ ​ហេតុ​នេះ​កំឡុង​ពេល​នោះ​​ស្ថានភាព​និង​ជីវភាព​លោក​មាន​ការ​ជាប់​គាំង​និង​រាំងស្ទះ​ ព្រោះ​ពិបាក​រក​ប្រាក់​ចំណូល​។ ចំណែក​ឯ​ការងារ​ក្នុង​ទូរទស្សន៍​ ​CTN​ ​វិញ​លោក​មិន​មាន​កុងត្រា​នោះ​ទេ​ គ្រាន់​តែ​ទទួល​​ប្រាក់​​ឧបត្ថម្ភ​តាម​កម្មវិធី​ដែល​ត្រូវ​សម្ដែង​ប៉ុណ្ណោះ​។​

អ្នក​កំប្លែង​ពូកែ​សម្ដី​រូប​នេះ​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា​លោក​​កំពុង​​​បើក​មុខ​ជំនួញ​ថ្មី​មួយ​គឺ​បើក​ហាង​លក់​ពូក​នាំ​ចូល​ពី​បរទេស​ដែល​ចំណាយ​ទឹក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ ​ប៉ុន្តែ​មិន​មែន​ជា​លុយ​​លោក​ផ្ទាល់​នោះ​ទេ​ គឺជា​ការ​ជួយ​ជ្រោមជ្រែង​និង​ផ្ចុងផ្ដើម​ពី​មិត្ត​សម្លាញ់​ម្នាក់​ដែល​លោក​តាក់ស៊ី បាន​ហៅ​ឈ្មោះ​ថា​សម្លាញ់​រ៉ាត់ ​និង​ភរិយា។

លោក​តាក់ស៊ី បាន​ផ្ដាំផ្ញើ​ចំពោះ​បងប្អូន​ដែល​អាណិត​ស្រលាញ់​ និង​ចូលចិត្ត​ចំពោះ​ការ​សម្ដែង​កំប្លែង និង​មាន​បំណង​ឱ្យ​លោក​ទៅ​កាត់សក់​​ក្នុង​ពិធី​មង្គលការ​របស់​កូន​ប្រុស​កូន​ស្រី​​​លោក​ទទួល​ស្វាគមន៍​ជា​និច្ច៕

Telegram-Troryorng
Share.