តារាស្រីសាច់សខ្ចី ជុំ រចនាពេជ្រ ហៅ បេប៊ី បានចាញចេញពីអាជីពពិធីការិនីទូរទស្សន៍ ងាកមកបោះជំហ៊ានចូលផលិតកម្មថោន សាងឈ្មោះជាតារាចម្រៀង។ ក៏ប៉ុន្ដែការហក់ចូលផលិតកម្ម តារាស្រីរូបនេះហាក់ដូចជាមិនសូវមានសន្ទុះប្រជាប្រិយភាពឡើយ ហើយរយៈពេលជាង២ឆ្នាំមកនេះ ខាងផលិតកម្មក៏មិនបានបញ្ចេញចម្រៀងរបស់នាងដែរសូម្បីតែមួយបទ។ រហូតធ្វើឱ្យមហាជនអ្នកគាំទ្រសង្ស័យថា តើកញ្ញា បេប៊ី លាឈប់ពីវិស័យចម្រៀងហើយទេដឹង?
យ៉ាងណាក្ដី តារាចម្រៀងស្រី បេប៊ី នៅមិនទាន់មានគម្រោងចាកចេញពីផលិតកម្មនោះឡើយ ឬក៏លាឈប់ពីអាជីពអ្នកចម្រៀងដូចគ្នា។ ក៏ប៉ុន្ដែកញ្ញា បេប៊ី ក៏ធ្លាប់បានលើកឡើងថា កញ្ញានឹងវិលកាន់ក្បាលមេក្រូលើឆាកតន្រ្ដីវិញនាពេលឆាប់ៗនេះ បើទោះបីជាសព្វថ្ងៃកញ្ញាក៏កំពុងមមារញឹកជាមួយការងារពង្រីកមុខរបរក្រៅសិល្បៈក៏ដោយ។
បើតាមគេដឹង កញ្ញា បេប៊ី បានប្រាប់អ្នកសារព័ត៌មានថា ជាង២ឆ្នាំមកនេះ កញ្ញាបានផ្អាកការងារសិល្បៈសិន ដោយសារវិបត្តិកូវីដ១៩ តែឥឡូវកញ្ញាបានបើកហាងកាហ្វេឈ្មោះ «ជុំកាហ្វេដូង» ដែលទទួលបានការគាំទ្រខ្លាំងពីអតិថិជន។
រហូតមកទល់ពេលនេះ ហាងកាហ្វេរបស់កញ្ញា បេប៊ី ពង្រីកហាងបាន៤សាខាហើយនៅទីក្រុងភ្នំពេញ ដែលសុទ្ធតែចំទីតាំងតំបន់រកស៊ី និងទីប្រជុំជន។ ទីតាំងទាំងអស់រួមមាននៅផ្លូវជាសុផារ៉ា រង្វង់មូលកាំកូស៊ីធី ផ្សារដីហុយ និងមួយទីតាំងទៀតនៅ ទួលគោល ដែលកំពុងសាងសង ហើយមានគម្រោងធ្វើពិធីសម្ពោធហាងធំតែម្ដង។ បេប៊ី ថាកាហេ្វដូងរបស់កញ្ញាបានទាក់ចិត្តខ្លាងចំពោះសិស្សសាលាតែម្ដង មានពេលខ្លួនពួកគាត់ត្រូវរងចាំយូរ ក៏នៅតែព្យាយាមទិញឱ្យទាល់តែបាន។
កញ្ញា បេប៊ី នៅមិនទាន់បានបញ្ជាក់ពីការចំណាយដើមទុនប៉ុន្មានក្នុងការបើកហាងទាំង៤នោះទេគឺគ្រាន់តែដឹងថាខ្ទង់ចំណាយគឺច្រើនតែម្ដង៕





