តារាចម្រៀងនិងជាអ្នកកំប្លែងជើងចាស់អ្នកនាង សំ ប៉ូលីដា បានប្រកាសទទួលការងារសិល្បៈឡើងវិញជាបណ្ដើរៗក្រោយពេលជំងឺប្រចាំកាយគឺជំងឺបេះដូងមានភាពធូរស្រាលច្រើន ប៉ុន្តែអ្នកនាងនៅមិនទាន់ហ៊ានទទួលការងារឆ្ងាយឬការងារទៅខេត្តនៅឡើយទេ។

ថ្លែងនៅក្នុងឱកាសចូលរួមកម្មវិធីឡើងគេហដ្ឋានមួយកន្លែង អ្នកកំប្លែងជើងចាស់ដែលមានជំនាញច្រើនមុខនេះបញ្ជាក់ប្រាប់អ្នកសារព័ត៌មានត្រយងថា ការដែលមិនហ៊ានទៅឆ្ងាយដោយសារតែខ្លួនមានជំងឺបេះដូង ដូច្នេះបារម្ភសុខភាពមិនអំណោយផលបណ្ដាលឱ្យប៉ះពាល់ដល់ម្ចាស់កម្មវិធីឬម្ចាស់ដើមការជាដើម។ ប៉ុន្តែចំពោះការងារនៅជិតៗក្រុងនិងខេត្តក្បែរៗក្រុងភ្នំពេញដូចជាកំពង់ចាម និងកំពង់ឆ្នាំង អ្នកស្រីនៅតែទទួលការងារដដែលទេ។

ងាកមកសុខភាពនាពេលបច្ចុប្បន្ននេះវិញអ្នកនាង សំ ប៉ូលីដា បានឱ្យដឹងថាជំងឺរបស់អ្នកនាងបានធូរស្រាលហើយដោយសារតែអ្នកនាងបានលះបង់ទម្លាប់មួយចំនួនដូចជាហូបចុកផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពនិងប្រើប្រាស់ថ្នាំពេទ្យទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។

អ្នកកំប្លែងជើងចាស់ អ្នកនាង សំ ប៉ូលីដា ដែលបច្ចុប្បន្នបម្រើការងារជាអ្នកចម្រៀងនៅភោជនីយដ្ឋាន Golden នឹងទទួលការងារពាក់ព័ន្ធទៅនឹងសិល្បៈដូចជា៖ ច្រៀងខនសឺត សម្ដែង ច្រៀងក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ និង Event ផ្សេងៗ៕

