អ្នកនាង ភី មុន្នីរតនា ត្រូវបានមហាជនអ្នកគាំទ្ររឿងភាគបុរាណខ្មែរ ចំណាំមុខបានឃជាងគេនៅក្នុងរឿង«ពិសស្នេហ៍»ដែលដឹកនាំសម្ដែងដោយលោក ហ្វៃ សំអាង និងធ្លាប់បានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បាយ័ន។ តួស្រីរូបនេះបានបាត់មុខពីសិល្បៈជាយូរឆ្នាំមកហើយ រហូតដល់មហាជនគិតថា អ្នកនាងបានរៀបការជាមួយគ្រួសារហើយ ចាកចេញពីស្រុកខ្មែរទៅរស់នៅប្រទេសក្រៅបាត់ហើយ។

តែថ្មីៗនេះ គេស្រាប់តែឃើញអ្នកនាង លេចមុខជាថ្មីវិញក្នុងពិភពអ្នកសិល្បៈ ហើយសម្រស់របស់អ្នកនាងក៏ប្រែប្រួល ស្អាតប្លែកជាងមុន រហូតសឹងចំណាំមិនបាន។ គេបានឃើញអ្នកនាង ភី មុន្នីរតនា ដែលសម្ដែងជាតួ នាងឈ្នាង ក្នុងរឿង «ពិសស្នេហ៍» ចេញមុខសម្ពោធហាងដ៏ធំមួយកន្លែងនៅកណ្ដាលរាជធានីភ្នំពេញ។ អាជីពក្រៅសិល្បៈនេះ ត្រូវបានគេមើលឃើញថា មិនក្រោមតម្លៃ១០ម៉ឺនដុល្លារនោះទេ។


ឆ្លើយប្រាប់អ្នកសារព័ត៌មានត្រយង អ្នកនាង ភី មុន្នីរតនា ប្រាប់ថា អ្នកនាងបានបើកភោជនីយដ្ឋានថ្មីមួយមានឈ្មោះថា Mr Lee ដែលជាលក្ខណៈបែបទំនើប ដោយមានលក់អាហារថ្ងៃ ហើយនៅពេលល្ងាចគឺលក់ជាលក្ខណៈបែបឡោញ និង មានកំដរដោយភ្លេង។ អ្នកនាងថា ជំនួញបើកភោជនីដ្ឋានប្រភេទឡោញដ៏ទំនើបនេះ មិនមែនអ្នកនាងឈរឈ្មោះឱ្យបុគ្គលណាម្នាក់ ឬ ចូលហ៊ុនជាមួយភាគីណាមួយឡើយ ពោលគឺជាជំនួញផ្ដាច់មុខរបស់អ្នកនាងតែម្ដង។ អ្នកនាងបន្តថា ក្រោយពេលបោះបង់សិល្បៈ គឺអ្នកនាងកាន់តែមានបទពិសោធន៍ជាមួយជំនួញ ហើយដោយសារតែភាពជោគជ័យលើមុខជំនួញពីមួយទៅមួយនេះហើយ ទើបអ្នកនាងសម្រេចចិត្តបោះបង់សិល្បៈតែម្ដង ថ្វីដ្បិតតែអ្នកនាងនៅស្រលាញ់ក៏ដោយ។ អ្នកនាងរំពឹងថា មុខរបរដែលទើបតែបង្ហាញនឹងទទួលបានផ្លែផ្កាដោយសារសម្អាងលើទីតាំងល្អ បរិយាកាសទាក់ទាញ និង បទពិសោធន៍ធ្វើជំនួញភោជនីយដ្ឋាន បើទោះជាស្ថានភាពកូវីត និង អូមីក្រុង នៅក្នុងពេលនេះ នៅមិនទាន់ស្ងប់ស្ងាត់។


ទោះបីបាត់មុខពីសិល្បៈយូរឆ្នាំក៏ដោយ តែគេបាននឹកចាំពីស្នាដៃរបស់តារាស្រីរូបនេះជាច្រើន តាមរយៈការសម្ដែងនាអំឡុងឆ្នាំ២០០០ជាង សម្ដែងជាតួឆ្នាស់ឆ្នើម និង ជាតួសំខាន់ក្នុងភាពយន្តជាច្រើនដែលល្បីខ្លាំងនាសម័យកាលនោះ។ ស្នាដៃដែលអ្នកនាងបានថតរួមមាន រឿង តេជោដំឌិន, រឿង មាយាស្រី, រឿង ឃុនឆាងឃុនផែន, រឿងទឹកចិត្តឪពុក និង ភាពយន្តជាច្រើនទៀត។ អ្នកនាងក៏ជាតួអង្គលេចធ្លោក្នុងរឿង «អ្នកម្នាងអាម៉ង់ចិន្ត្រា» ដែលជាភាពយន្តរបស់អង្គសម្ដេចឪ ព្រះបាទ នរោត្តម សីហនុ ផងដែរ ទើបមានការចាប់អារម្មណ៍មិនតិចឡើយក្នុងពេលដែលអ្នកនាងបានបាត់មុខអស់ជាច្រើនឆ្នាំមកហើយ ស្រាប់តែត្រលប់មកវិញក្នុងជីវិតស៊ីវិល័យលូយឆាយ ហើយមានឱកាសធ្វើជាថៅកែស្រីធំដុំ ក្នុងពេលដែលអ្នកសិល្បៈជំនាន់អ្នកនាងមួយចំនួន មានបញ្ហាជីវភាព។


អ្នកនាង គឺជាតួសម្ដែង ដែលលេចធ្លោគួរសម ក្នុងផលិតកម្មក្រៅស្រុក ដូចជាសកម្មភាពថតបទចម្រៀង របស់ផលិតកម្មឆ្លងដែន និង ផលិតកម្មល្បីៗនាសម័យកាលនោះ ប៉ុន្តែដោយសារតែអ្នកនាងដកខ្លួនក្នុងពេលទីផ្សារកំពុងតែឈានឡើង ទើបធ្វើអោយមហាជនខ្លះស្ទើរតែភ្លេចមុខ។ អ្នកនាងបានបង្ហាញមុខលើកចុងក្រោយនៅក្នុងសិល្បៈ ក្នុងរឿង «ពិសស្នេហ៍» ក្រោមការដឹកនាំរបស់លោក ហ្វៃ សំអាង ហើយដោយសារតែអ្នកនាងត្រូវសាងជីវិតគ្រួសារ និង រវល់នឹងការងារមុខជំនួញផង ទើបបាត់មុខឈឹង ដោយទើបតែបង្ហាញមុខឱ្យម្នាក់ៗបានឃើញពីសុខទុក្ខ ក្នុងពិធីបើកសម្ពោធភោជនីយដ្ឋាន ដែលទើបធ្វើឡើងមុននេះ៕

