ចំណាប់អារម្មណ៍លោក Lee Tae Hoon គ្រូបង្វឹករបស់ក្លិបបាល់ទាត់វិសាខា មុនការប្រកួតជាមួយគិរីវង់សុខសែនជ័យ ស្អែកនេះដូច្នេះថា៖«ក្លិបកីឡាបាល់ទាត់ វិសាខា របស់យើង នឹងត្រូវបន្ដបើកទ្វារកីឡដ្ឋានព្រីនស៍ ទទួលក្រុមគិរីវង់សុខសែនជ័យ នាវេលាម៉ោង ៦:៣០នាទីល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះក្នុងសប្ដាហ៍ទី៣ នៃក្របខណ្ឌពានរង្វាន់ Cambodian Premier League 20222»។

ជុំវិញការប្រកួតនេះ ត្រូវបានគ្រូបង្វឹករបស់យើង លោក Lee Tae Hoon ដាក់គោលដៅដណ្ដើមយក ៣ពិន្ទុឲ្យខានតែបាន បន្ទាប់ពីពួកយើងបានរបូតអស់ ៣ពិន្ទុក្នុងការប្រកួតកាលពីសប្ដាហ៍ទី២។ លោកថា «ជាដំបូង យើងកំពុងរៀបចំ ដើម្បីគោលដៅឈ្នះការប្រកួតជាមួយគីរីវង្សសុខសែនជ័យ និងទទួលបាន៣ពិន្ទុ»។

ជាមួយគ្នាដែរ លោកគ្រូ Lee ក៏បានសុំទោសចំពោះអ្នកគាំទ្រវិសាខា ក្នុងនាមជាគ្រូបង្វឹក ដែលបានបង្ហាញលទ្ធផលដ៏ខកចិត្តក្នុងការប្រកួតក្នុងដីដំបូងរបស់យើង ក្នុងរដូវកាលនេះ។ តែយ៉ាងណាបច្ចុប្បន្នក្រុមការងារ និងកីឡាករទាំងអស់កំពុងខិតខំប្រឹងប្រែង ហើយលោកប្ដេជ្ញានឹងបន្ដខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍រីករាយជាមួយពួកយើងទាំងអស់គ្នា។

លោក Lee បន្ដថា៖«កីឡាករកំពុងប្រឹងប្រែងអស់ពីសមត្ថភាព។ សូមរិះគន់ខ្ញុំ តែសូមលើកទឹកចិត្ត និងគាំទ្រដល់កីឡាកររបស់យើង។ ខ្ញុំ និងក្រុមរបស់យើង នឹងធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យអ្នកគាំទ្ររបស់យើង មានអារម្មណ៍រីករាយ និង មោទនភាព ចំពោះការប្រកួតរបស់យើង។ ខ្ញុំសុំឲ្យអ្នកគាំទ្ររបស់យើងធ្វើវា។ សូមផ្តល់កម្លាំងចិត្ត និងគាំទ្រដល់កីឡាកររបស់យើង ដើម្បីឲ្យពួកគេអាចជម្នះស្ថានការណ៍នេះបានល្អ»៕

Telegram-Troryorng
Share.