ហ្វេនអ្នកគាំទ្រជាច្រើនបានដឹងដំណឹងថា តារាសម្ដែងស្រី ដាវ ដាវីកា បានចូលរួមប្រកួតការដណ្ដើមមកុដពីកម្មវិធីលំដាប់ពិភពលោក Miss Universe Cambodia 2022។

សារព័ត៌មានត្រយងបានសម្ភាសន៍ចំណាប់អារម្មណ៍ពីកញ្ញា ថាតើ មានមូលហេតុអ្វីជំរុញចិត្ត​ឱ្យតារាស្រីរូបនេះផ្អាកការសម្ដែង ហើយទៅចូលរួមប្រកួតនៅឆាក MUC បែបនេះ?

ឆ្លើយប្រាប់អ្នកសារព័ត៌មានត្រយង កញ្ញា ដាវ ដាវីកា បានឆ្លើយថា កញ្ញាសប្បាយចិត្តនៅពេលបានត្រៀមខ្លួនចូលរួមប្រកួតកម្មវិធី Miss Universe Cambodia នៅក្នុងឆ្នាំនេះ។ កញ្ញាថា ៖ «ដោយសារការស្រឡាញ់វិស័យប្រកួតបវរកញ្ញាជាយូរណាស់មកហើយ ប៉ុន្ដែនៅមិនទាន់បានត្រៀមខ្លួនសម្រាប់ខ្លួនឯង។ ប៉ុន្តែឆ្នាំនេះនាងខ្ញុំបានត្រៀមជាស្រេចក្នុងការចូលរួមប្រកួត»។ កញ្ញា ដាវ ដាវីកា បានបន្ថែមថា កន្លងមក កញ្ញាមិនដែលចូលរួម​ប្រកួត​កម្មវិធី​ណាមួយឡើយ ហើយសម្រាប់ឆ្នាំនេះគឺជាឆ្នាំដំបូងតែម្ដង។​

ទោះបីជាការចូលរួមថ្មីសន្លាងក្នុងវិស័យបវរកញ្ញា និងមិនមានបទពិសោធន៍អ្វីច្រើនក៏ពិតមែន ក៏ប៉ុន្ដែកញ្ញា ដាវ ដាវីកា មានការតាំងចិត្តខ្ពស់ និងត្រៀមចិត្តសម្រាប់ការទទួលយកលិទ្ធផលចំពោះការប្រឹងប្រែងមួយនេះ។ កញ្ញាបានប្រាប់ថា៖ «កន្លងមកខ្ញុំមិនធ្លាប់បានដើរបង្ហាញលើវេទិការប្រកួតសម្រស់ឡើយ ប៉ុន្ដែឥឡូវនេះខ្ញុំបានហ្វឹកហាត់ដើរសម ជាមួយការដើរបែបបវរកញ្ញា»។

នៅឆ្នាំ២០២២នេះ កញ្ញា ដាវី ដាវីកា មានទំងន់ ៤៨ គីឡូ និងមានកំពស់ ១៦៧ សង់ទីម៉ែត្រ។ កញ្ញាគឺជាបេក្ខភាពដែលមកពីខេត្តក្រចេះ និងជាតារាស្រីដែលពូកែវោហាសព្ទ ដែលជាកត្តាអំណោយទានមួយក្នុងវគ្គឆ្លើយសំណួរ៕

Telegram-Troryorng
Share.