នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាបានសន្យាជូនសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ថានឹងជួយសម្របសម្រួលជូនដល់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសនៃប្រធានអាស៊ាន ដើម្បីជួបសន្ទនាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់អំពើហិង្សា។ ការសន្យានេះគឺបន្ទាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង ដើម្បីផ្លាស់ប្តូរទស្សនៈ លើមាគ៌ាឆ្ពោះទៅរកការពន្លឿនការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។

ក្នុងសេចក្ដីប្រកាសចេញផ្សាយនៅព្រឹកថ្ងៃអង្គារនេះ ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា សម្តេច​តេជោនាយករដ្ឋមន្រ្តី ក៏បាន​បញ្ជាក់​ឡើងវិញ​ពី​សារៈសំខាន់​នៃ​ការអនុញ្ញាតឱ្យប្រេសិតពិសេសបានចូល​ជួបជាមួយភាគីពាក់ព័ន្ធ​ទាំងអស់នៅមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានលោកស្រី អ៊ុង សានស៊ូជី និងលោកអតីតប្រធានាធិបតី វិន ម្ញីន សំដៅជួយបង្កើតបរិយាកាសអំណោយផលសម្រាប់ការចាប់ផ្តើមកិច្ចសន្ទនានយោបាយប្រកបដោយបរិយាបន្ន ហើយជាការឆ្លើយតប ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង បានសន្យាពិនិត្យលទ្ធភាពក្នុងការសម្រួលជំនួបជាមួយភាគីពាក់ព័ន្ធទាំងនោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបនោះបានថ្លែងអំណរគុណនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង ចំពោះការសម្របសម្រួលទស្សនកិច្ចលើកទី១របស់ប្រេសិតពិសេសនៃប្រធានអាស៊ាន នៅមីយ៉ាន់ម៉ា កាលថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២២ និងបានគូសបញ្ជាក់នូវបំណងប្រាថ្នាយ៉ាងមុតមាំពីគ្រប់ភាគី ក្នុងការចង់ឃើញនូវវឌ្ឍនភាពក្នុងពេលឆាប់ៗ ដើម្បីសម្រេចបាននូវអាទិភាពបន្ទាន់ចំនួន៣ នៃការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដែលរួមមានការបញ្ឈប់អំពើហិង្សា ការផ្តល់ជំនួយមនុស្សធម៌ទៅដល់គ្រប់ប្រជាជនដែលកំពុងតែត្រូវការបំផុត ដោយគ្មានឧបសគ្គរារាំង និងការកសាងទំនុកចិត្ត និងភាពជឿជាក់ ដើម្បីជំរុញកិច្ចសន្ទនាប្រកបដោយបរិយាបន្ន។

នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយគាំទ្រមីយ៉ាន់ម៉ារកដំណោះស្រាយតាមសន្តិវិធីចំពោះវិបត្តិដែលកំពុងមាននាពេលបច្ចុប្បន្ន និងបានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីសភាពការណ៍ថ្មីៗនៅមីយ៉ាន់ម៉ាដែលរួមមាន ការឆ្លើយតបនឹងអំពើហិង្សាជាបន្តបន្ទាប់ ការប្រកាសពីឆន្ទៈក្នុងការចរចាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច (EAOs) ទំាងអស់ និងការចែកចាយជំនួយវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងសម្ភារៈវេជ្ជសាស្ត្រ ទៅដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៥៨ កន្លែងនៅមីយ៉ាន់ម៉ា។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជៀសឱ្យបាននូវការប្រើកម្លាំងជ្រុលហួសហេតុ នៅក្នុងការថែរក្សាច្បាប់ និងសណ្តាប់ធ្នាប់នៅក្នុងសង្គម និងបានលើកទឹកចិត្តឱ្យរដ្ឋាភិបាលទីក្រុងណៃពីដោ ធ្វើការសម្របសម្រួលបន្ថែមទៀតដើម្បីឲ្យប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ដំណើរការប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសនៅក្នុងតំបន់ជម្លោះ ដែលសម្ដេចចាត់ទុកថាមិនត្រឹមតែជួយសម្រាលទុក្ខលំបាករបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយអំពើហិង្សា និងការកសាងទំនុកចិត្តក្នុងការបង្កើតកិច្ចសន្ទនាសន្តិភាពប្រកបដោយបរិយាបន្នផងដែរ។

នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង ក៏បាន​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​របស់​ក្រុមប្រឹក្សារដ្ឋបាល​រដ្ឋ ក្នុងការសម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ ដែលអាចអនុវត្តនៅដំណាក់កាលដំបូងក្នុងតំបន់សាកល្បងចំនួនពីរ ក៏ដូចជាតំបន់ និងរដ្ឋចំនួនប្រាំដទៃទៀត ដែលត្រូវបានកំណត់ថាជាតំបន់អាទិភាពសម្រាប់ប្រតិបត្តិការមនុស្សធម៌។ សម្ដេចតេជោវិញក៏បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រឹក្សារដ្ឋបាល​រដ្ឋ សម្រាប់យុទ្ធនាការផ្តល់ជំនួយមនុស្សធម៌ និងការចាក់វ៉ាក់សាំងនៅក្នុងតំបន់សាកល្បង ដែលអាចនឹងពង្រីកជាជំហានៗទៅកាន់តំបន់ផ្សេងៗទៀតនាពេលអនាគត៕

Share.