សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានគោលដៅបង្កើនចំនួនគណៈអភិបាលនៃស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ រង់ចាំតែការអនុម័តដោយអង្គសភាប៉ុណ្ណោះ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកមិញនេះបានសម្រេចដាក់សេចក្ដីស្នើវិសោធនកម្មច្បាប់នេះទៅក្នុងរបៀបវរៈនៃកិច្ចប្រជុំរដ្ឋសភានាដែលគ្រោងធ្វើឡើងនាថ្ងៃពុធ ទី១១ ខែឧសភា ជាមួយសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ បន្ទាប់ពីគណៈកម្មការជំនាញបានពិនិត្យសិក្សាចប់សព្វគ្រប់តា កាលពីថ្ងៃទី១២ ខែមេសា។

យោងតាមមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន៧រូប គណៈអភិបាលខេត្តមានពី៣ទៅ៧រូប និងគណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចាប់ពី៣ទៅ៥រូប។  ចំនួនជាក់ស្ដែងនៃគណៈអភិបាលនីមួយៗត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើររដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ សេចក្ដីថ្លែងហេតុរាជរដ្ឋាភិបាល បានឱ្យដឹងថាការវិសោធនកម្មច្បាប់មាត្រានេះ មានគោលដៅបង្កើនធនធានមនុស្សក្នុងគណៈអភិបាលឱ្យសមស្របតាមស្ថានភាពកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្ត្រនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់មានប្រសាសន៍ថា តាមរយៈវិសោធនកម្មនេះ ចំនួនគណៈអភិបាលនឹងកើនឡើងប្រមាណ២នាក់បន្ថែមទៀត បន្ទាប់ពីមានការផ្ទេរអំណាចពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិតាមយន្តការវិមជ្ឈការ និងវិសមជ្ឈការ កាន់តែច្រើន។ ជុំវិញការបន្ថែមចំនួនគណៈអភិបាលនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏ធ្លាប់បង្ហាញបំណងចង់ឱ្យមានការផ្ដល់តួនាទីអភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ខ្ឌ ដល់មន្រ្តីខ្មែរឥស្លាម និងជនជាតិដើមភាគតិច តាមស្ថានភាពជាក់ស្ដែង៕

Share.