អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា ទណ្ឌកម្មដែលលោកខាងលិចដាក់លើរុស្ស៊ី ដើម្បីជាការឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែន នឹងមិនត្រូវបានដកចេញនោះទេ ដរាបណារុស្ស៊ីមិនទាន់ចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន។

លោក Scholz បានផ្ដល់កិច្ចសម្ភាស៍កាលពីថ្ងៃច័ន្ទ ទី ០២ ខែ ឧសភា លើកញ្ចក់ទូរទស្សន៍សាធារណៈ ZDF ថា «ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានគិតខុសប្រសិនបើលោករំពឹងថា លោកអាចទទួលបានទឹកដីពីអ៊ុយក្រែន ក៏ដូចជាប្រកាសការបញ្ចប់អរិភាព និង ឃើញបណ្ដាប្រទេសលោកខាងលិចទម្លាក់ទណ្ឌកម្ម»។

លោកថា អាល្លឺម៉ង់នឹងមិនទទួលយកការបញ្ចូលឧបទ្វីបគ្រីមៀរបស់រុស្ស៊ីនោះទេ ដែលនោះគឺជាការរំលោភច្បាប់អន្តរជាតិ ដែលនៅតែជាការពិត។

ជុំវិញការដាកទណ្ឌកម្មនេះ លោកខាងលិចកំពុងតែព្យាយាមដាក់សម្ពាធយ៉ាងខ្លាំងលើបណ្ដារដ្ឋនៅទ្វីបអាហ្រ្វិកឲ្យថ្កោលទោសសកម្មភាពរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។

សូមរំលឹកថា កាលពីថ្ងៃទី ០៧​ ខែ មេសា មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានអនុម័តដំណោះស្រាយផ្អាកការងាររបស់រុស្ស៊ីនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) ដោយសារតែការប្រព្រឹត្តប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ក្នុងនោះរដ្ឋចំនួន ៩៣ បានបោះឆ្នោតគាំទ្រដំណោះស្រាយនេះ ខណៈដែលរដ្ឋចំនួន ២៤ទៀតបោះឆ្នោតប្រឆាំង និង រដ្ឋចំនួន ៥៨ បានបោះឆ្នោតអនុប្បវាទ៕

ប្រភព​៖ CNA

Share.