នៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតនិទ្ទេស A សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា ទម្លាយឱ្យនិស្សិតៗបានដឹងថា ករណីរបស់ ឧកញ៉ា ហេង សៀ បំពានចំពោះពិធីការិនី មាន ពេជ្ររីតា គឺមានឧកញ៉ាចំនួន៥នាក់បានលូកដៃ ហើយកូនប្រសារប្រុសឧកញ៉ារូបនេះធ្លាប់​ទិញ​មេធាវី​ សម្ដេច និងលើកហេតុផលថា សម្ដេចនៅខាងឧកញ៉ាៗអស់ហើយ ប៉ុន្តែ​មិន​ទទួល​ជោគជ័យ​។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឡើងថា «បើខ្ញុំមិនអន្តរាគមន៍ ពេលនេះម៉ោងនេះ ចៅស្រីនោះកំពុងស្ថិតនៅក្នុងគុកនៅឡើយទេ សូមកុំច្រឡំ មានឧកញ៉ា ៥រូប បានចូលរួមព្រឹត្តិការណ៍នេះ ខ្ញុំមិនតិរច្ឆានដូចអ្នក អ្នកកុំអញ្ជើញខ្ញុំទៅធ្វើតិរច្ឆាន ខ្ញុំមិនទៅទេ ខ្ញុំដឹងរឿងខុស រឿងត្រូវ»។

សម្ដេចបានបន្តទៀតថា «បន្ទាប់ទៅ កូនប្រសាររបស់ឧកញ៉ានេះ បានទិញដល់មេធាវីខ្ញុំទៅទៀត (មេធាវីខ្ញុំរាយការណ៍ឱ្យ) ដោយគេលើកឡើងថា នាយករដ្ឋមន្រ្តីនៅខាងឧកញ៉ាហើយ សារសំឡេងឆ្លើយឆ្លងទាំងប៉ុន្មាន គេបាញ់ Forward ជូនគ្នាទៅវិញទៅមក ហើយទីចុងបំផុតយើងបញ្ជាក់បានថា ខ្ញុំត្រូវឱ្យមេធាវីរបស់ខ្ញុំ ទៅធ្វើការធានាឱ្យ និស្សិតជានារីនៅក្រៅឃុំ»

ដោយឡែក សម្ដេចតេជោអះអាងថា ករណីនេះក្មេងស្រីនឹងទទួលរងភាពអយុត្តិធម៌ខាងលើនេះ ប្រសិនបើគ្មានការអន្តរាគមន៍ទាន់ពេលវេលារបស់សម្តេចទេនោះ ម្លេះនាងមិនដឹងរងគ្រោះយ៉ាងណានោះទេ។ ហើយសម្ដេចបានប្រាប់មូលហេតុថា ផលប្រយោជន៍របស់ប្រជាជនមិនមែនជាបញ្ហាតូចតាចនោះទេ សម្ដេចថា ជាកាព្វកិច្ចរបស់នាយរដ្ឋមន្ត្រីក្នុងការស្វែងរកយុត្តិធម៌ឱ្យប្រជាពលរដ្ឋ៕

Share.