ក្រចេះ ៖ សត្វគោ ចំនួន៤ក្បាលបានងាប់ជាបន្តបន្ទាប់ ក្រោយពីដើរកាត់ក្បែរបង្គោលភ្លើង ឆ្លងឆក់ ដេកដួល ឆក់ទាំងម្ចាស់គោទៅទៀត សំណាងល្អដកជើងចេញវិញទាន់ តែត្រូវបានខាងអគ្គីសនីអះអាងថា សត្វគោទាំង៤ក្បាលងាប់ដោយសាររន្ទះបាញ់ទៅវិញ។

ហេតុការណ៍ខាងលើកើតឡើងកាលពីល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុច បង្គោល M108 ត្រង់ស្វ័រ P011 ស្ថិតនៅ ភូមិ ច្រាប ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
បើតាមការអះអាងពីម្ចាស់គោ ឈ្មោះ ស៊ាង សុធា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុបានឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុ គាត់បានដេញគោឈ្មោលរបស់គាត់ទាំង៤ក្បាល ឆ្លងកាត់ចំណុចបង្គោលភ្លើងខាងលើ ស្រាប់តែឆ្លងចរន្តភ្លើងចេញពីបង្គោល ឆក់គោរឹងជើងងាប់៤ក្បាល មិនអស់ចិត្តដើរទៅពិនិត្យក្បែរពិនិត្យមើលគោ ក៏ឆក់ទាំងគាត់ទៀត តែដកចេញចេញវិញទាន់។

ហេតុការណ៍ខាងលើ បង្កឲ្យពលរដ្ឋព្រួយបារម្ភ ភ័យខ្លាច មិនហ៊ានចូលទៅជិត តែមន្ត្រីខាងអគ្គីសនីចុះទៅពិនិត្យ ហើយអះអាងថា សត្វគោងាប់ដោយសាររន្ទះបាញ់ទៅវិញ ទោះជាពលរដ្ឋអ្នកភូមិបានបំភ្លឺហើយថា អំឡុងពេលកើតហេតុ តំបន់នោះ ពុំមានភ្លៀង ផ្គរទាន់ឡើយ ពោលអាកាសធាតុជាធម្មតា។
ទោះជាយ៉ាងណាក្តី ពលរដ្ឋស្នើសុំឲ្យខាងមន្ត្រីជំនាញអគ្គិសនី មេត្តាត្រួតពិនិត្យបច្ចេកទេសចរន្តភ្លើងនៅបង្គោលចំណុចខាងលើ ជៀងវាងបង្កគ្រោះថ្នាក់ដោយសារឆ្លងចរន្ត៕
អត្ថបទ៖ តាតុងសែនជ័យ

