ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថស្រុកមង្គលបូរី សហការជាមួយអាវុធហត្ថស្រុកបវេល ចាប់ឃាត់ខ្លួន ក្នុងករណីដឹកជញ្ជូនសព្វាវុធ ដោយខុសច្បាប់ពីប្រទេសកម្ពុជាចូលទៅប្រទេសថៃ ។ ប្រតិបត្តិការឃាត់ខ្លួនខាងលើកាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២បានធ្វើឡើង ត្រង់ចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យទាំង៣នាក់ ខាងសមត្ថកិច្ចអាវុធហត្ថមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយទេ ។

ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះធ្វើឡើងបន្ទាប់ពី មន្ត្រីសមត្ថកិច្ចច្រកទ្វារ ចូលប្រទេសថៃ ត្រួតពិនិត្យរកឃើញអាវុធ គ្រាប់ នៅក្នុងកាបូបរបស់ជនសង្ស័យ ហើយរាយការណ៍ទៅខាងអាវុធហត្ថ ចុះទៅឃាត់ខ្លួន រហូតដល់នាំជនសង្ស័យទៅឆែកឆេរនៅផ្ទះ មួយកន្លែងដែលទុកចោល។ ក្រោមការសម្របសម្រួលនិតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចរកឃើញ គ្រាប់កាំភ្លើងជាច្រើនគ្រាប់ គ្រាប់បែកដៃប្រមាណជា៥០គ្រាប់ និងកាំភ្លើងខ្លី រួមទាំងវត្ថុតាងមួយចំនួនទៀត ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ពាក់ព័ន្ធដឹកជញ្ជូនអាវុធ គ្រាប់ ដោយខុសច្បាប់ ឆ្លងដែនពីប្រទេស កម្ពុជាទៅ ប្រទេសថៃនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.