កំពង់ចាម ៖ រថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ខណៈដែលបើកតាមផ្លូវឡើងភ្នំហាន់ជ័យ ឡើងមិនរួចក៏រអិលថយក្រោយ បុកកិនម៉ូតូសិស្សសាលា បណ្តាលឲ្យស្លា.ប់ម្នាក់ រងរបួសស្រាលម្នាក់ រថយន្តក្រឡាប់ធ្លាក់ផ្លូវ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ តាមផ្លូវលេខ២២២ នៅជើងភ្នំហាន់ជ័យ មុខវិទ្យាល័យ ឈីន លាន(ហាន់ជ័យ) ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះស្រ៊ាន ម៉េងស្រុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ជាអ្នកបើកម៉ូតូ រងរបួសស្រាល រួមដំណើរជាមួយឈ្មោះ ហេង ប៉េងហ៊ុយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សសាលា (ស្លាប់) អ្នកទាំងពីរ រស់នៅភូមិឈើទាល ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង រថយន្តបង្កម៉ាក ហ៊ីយ៉ាដាយ ពណ៌ស ពាក់ស្លាកលេខ 3A-7146 ដឹកគ្រឿងបរិក្ខាសំណង់ បើកបរដោយឈ្មោះ សៅ វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្វាយដូនតី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកពីត្បូងទៅជើង ពីទីរួមខេត្តកំពង់ចាម ឡើងទៅតាមជើងភ្នំហាន់ជ័យ ដល់ចំណុចហេតុ រថយន្តឡើងមិនរួច ក៏អិលថយក្រោយចុះចំណោត កិនម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1Z-3433 កំពុងជិះពីក្រោយ បណ្តាលឲ្យកិនស្លាប់ម្នាក់ រងរបួសស្រាលម្នាក់ រថយន្តបន្តរអិលក្រឡាប់ធ្លាក់ផ្លូវ ។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ ត្រូវបានដឹកបញ្ជូនទៅនៅមន្ទីរពេទ្យ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចពិនិត្យរួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តបង្ក និងម៉ូតូ សមត្ថកិច្ចចាត់ចែងស្ទូចលើកយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការខេត្ត រួមទាំងឃាត់ខ្លួនអ្នកបើកបររថយន្តផង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖តាតុងពោធិ៍សែនជ័យ
