ក្រសួងសុខាភិបាលប្រទេសឥណ្ឌូណេស៊ីបាននិយាយថា កុមារ ៣នាក់ នៅក្នុងទីក្រុងហ្សាកាតា បានស្លាប់ដោយសារជំងឺរលាកថ្លើមដ៏អាថ៌កំបាំង ដែលធ្វើឲ្យកុមារដែលស្លាប់ដោយសារជំងឺនេះកើនដល់ ៤នាក់ នៅទូទាំងពិភពលោក។

ជំងឺរលាកថ្លើមប្រភេទធ្ងន់ធ្ងរមួយត្រូវបានគេកំណត់លើកុមារជិត ១៧០នាក់ នៅទូទាំងប្រទេសចំនួន ១១ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដែលអង្គការសុខភាពពិភពលោកបានបង្កើនការព្រួយបារម្ភអំពី «ប្រភពដើមនៃជំងឺនេះ»។

រោគសញ្ញាដែលដឹងបានថាកុមារអាចកើតមានជំងឺរលាកថ្លើមមានដូចជា៖ ចង្អោរ ក្អួត ឈឺពោះ រាគខ្លាំង អាការៈទាំងត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់ម្នាក់ជាលើកដំបូងកាលពីកន្លងទៅថ្មីៗ។

លោកស្រី Siti Nadia Tarmizi អ្នក​នាំពាក្យក្រសួងបាននិយាយថា កុមារដែលមានអាយុពី ២ឆ្នាំ ៨ឆ្នាំ និង ១១ឆ្នាំ ដែលមានជំងឺនេះមានអាការៈគ្រុនក្ដៅ ខាន់លឿង ប្រកាច់ និង បាត់បង់ស្មារតី។

លោកស្រីបន្ដថា បច្ចុប្បន្ននេះក្រសួងសុខាភិបាលកំពុងតែធ្វើការស៊ើបអង្កេតរកមូលហេតុនៃជំងឺនេះ ដោយក្រសួងកំពុងដំណើរការនៃការធ្វើតេស្ដ។ ក្រសួងបានអំពាវនាវឲ្យអាណាព្យាបាលនាំកូនទៅមន្ទីរពេទ្យប្រសិនបើពួកគេចេញរោគសញ្ញាដូចខាងលើនេះ និង ជំរុញឲ្យប្រជាជនរបស់ខ្លួនរក្សាអនាម័យ ហើយត្រូវចៀសវាងការប៉ះពាល់ជាមួយអ្នកជំងឺ។

ការលេចចេញនូវជំងឺថ្មីអាចកើតមានចំពោះកុមារតូចៗ ភាគច្រើនមានអាយុក្រោម ១០ឆ្នាំ ដោយបានបង្កឲ្យមានការព្រួយបារម្ភនៅក្នុងសហគមន៍សុខភាពពិភពលោកដែលកំពុងប្រឈមមុខជាមួយកូវីដ១៩។ ករណីជំងឺរលាកថ្លើមលើកុមារដែលគេមិនស្គាល់ប្រភព ត្រូវបានបញ្ជាក់ទូទាំងពិភពលោកក្នុងការផ្ទុះឡើងដ៏អាថ៌កំបាំង ខណៈករណីភាគច្រើនត្រូវបានរកឃើញនៅចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក៕

ប្រភព៖ The Guardian

Share.