លោក ឈាង ដាវុទ្ធ ត្រូវបានមហាជនស្គាល់ថា ជាពិធីករស្រស់សង្ហាដ៏មានប្រជាប្រិយភាពប្រចាំកម្មវិធីតន្ត្រី បូការីស្វ៊ែតរបស់ស្ថានីយទូរទស្សន៍ CTN ។ កាលពីយប់ថ្ងៃទី ៣ ខែឧសភា នេះ លោកបានជួបគ្រោះថ្នាក់ចរចារណ៍ ខណៈមានរយន្ត LEXUS Nx200t បើកបរដោយស្ត្រីជនជាតិចិនម្នាក់ បុករថយន្ត LEXUS របស់លោកមួយទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

សារព័ត៌មានត្រយង បានទទួលដំណឹងមកថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០នាទីយប់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២ នៅចំណុចមុខអាគារខុនដូរមួយកន្លែងតាមបណ្ដោយផ្លូវR8 ក្នុងបរិវេណតំបន់អភិវឌ្ឍន៍បឺងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានមានពីកន្លែងកើតហេតុបានឱ្យ ដឹងថាមុនកើតហេតុគេឃើញរថយន្ត Lexus lx570 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AP-8966 ធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់អែបនឹងចិញ្ចើមផ្លូវដើម្បីរៀបចំកម្មវិធីថតកុន ខណៈនោះក៏ឃើញរថយន្ត Lexus NX200t មួយគ្រឿងពណ៌សពាក់ស្លាកលេខ ភ្នំពេញ2BG-8091 បើកបរដោយនារីជនជាតិចិនម្នាក់រួមដំណើរនឹងនារីជនជាតិចិនម្នាក់ទៀត ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចហើយបានបត់ឆ្វេងដៃត្រឡប់ក្រោយវិញក៏ជ្រុលទៅបុករថយន្ត Lexus 570 ពីក្រោយចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតបន្ដិបន្ដួចចំណែករថយន្តបង្ករងការខូចខាតចំហៀងផ្នែកខាងស្ដាំខាងមុខនិងបែកកង់។

បើទោះបីជារយន្តតារាប្រុសរូបនេះរងការខូចខាតខ្លាំងក៏ពិតមែន ប៉ុន្តែជាសំណាងល្អមិនមាននរណាម្នាក់រងរបួសក្នុងហេតុការគ្រោះថ្នាក់ចចារណ៍នោះឡើយ។ ក្រោយពេលកើតហេតុ ភាគីទាំងពីរបានសម្រុះសម្រួលគ្នាមួយរយៈដើម្បីឈានដល់ការដោះស្រាយ។ ស្ត្រីជនជាតិចិនចេញសំណងចំនួនជាង ៥០០ ដុល្លារទៅឱ្យលោក ដាវុទ្ធ ជាសំណងថ្លៃការខូចខាត។
សារព័ត៌មានត្រយងកំពុងព្យាយាមទាក់ទងសុំការសម្ភាសន៍បំភ្លឺបន្ថែមពីលោក ដាវុទ្ធ នាព្រឹកនេះ ខណៈលោកឆ្លើយថាកំពុងជាប់រវល់៕




