បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងដាក់ឱសានវាទរយ:ពេល ១ឆ្នាំឲ្យម្ចាស់ទីតាំងឃ្លាំងស្តុកទំនិញនានាផ្លាស់ប្តូរទីតាំងពីទីប្រជុំជនក្រុង ទៅតំបន់ក្រៅក្រុងដើម្បីសណ្តាប់របៀបរៀបរយ។

តាមផេកហ្វេសប៊ុកផ្លូវការរបស់សាលាខេត្តបាត់ដំបង បានប្រកាស់ជូនដំណឹងជាសាធារណ:កាលពីថ្មីៗកន្លងមក នេះថា ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាពសាធារណៈ និងការពារថែរក្សា ផ្លូវថ្នល់ឱ្យបានយូរអង្វែង រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចតម្រូវឲ្យម្ចាស់ក្រុមហ៊ុននានា ដែលមានទីតាំងនៅក្នុងទីប្រជុំជនក្រុងទាំងអស់ បញ្ឈប់រាល់ការចេញ ចូល ឆ្លងកាត់រថយន្តដឹកជញ្ជូនរថយន្តធុនធ្ងន់ចូលក្នុងក្រុងបាត់ដំបង ដោយម្ចាស់ក្រុមហ៊ុនទាំងអស់ត្រូវផ្លាស់ប្តូរទីតាំងឃ្លាំងស្តុកទំនិញរបស់ខ្លួនទៅកាន់តំបន់ផ្លូវក្រៅក្រុងវិញ។
សេចក្តីជូនដំណឹងខាងលើបានបញ្ជាក់ថា ការស្នើសុំឲ្យម្ចាស់ឃ្លាំងទាំងឡាយចូលរួមផ្លាស់ប្តូរទីតាំងស្តុកទំនិញនេះ ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងទុករយ:ពេលយ៉ាងយូរ ០១ឆ្នាំ រហូតដល់បំណាច់ខែមេសា ឆ្នាំ ២០២៣។

រដ្ឋបាលខេត្តបាត់ដំបងបន្ថែមថា ក្នុងរយៈពេលទុកឱកាសឲ្យប្តូរទីតាំងឃ្លាំងចេញទៅកាន់តំបន់ក្រៅក្រុងនេះ ម្ចាស់ឃ្លាំងស្តុកទំនិញទាំងអស់ត្រូវផ្ទេរទំនិញពីរថយន្តធុនធ្ងន់ មករថយន្តធុនតូចតាមតែដែរអាចធ្វើទៅបាន ហើយក្រៅពីរថយន្តដែលមានទម្ងន់លើសពី ១៦ តោនអាចធ្វើចរាចរណ៍ចូលក្នុងក្រុង៕
អត្ថបទ៖ ដំបងក្រញូង

