ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជំទាវម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ និងចេញសែកគ្មានសាច់ប្រាក់ឲ្យអតិថិជន ក្នុងរឿងទិញ-លក់ដីខ្យល់ ទៅសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៤ខែឧសភាឆ្នាំ២០២២នេះ។

ជនត្រូវចោទមានឈ្មោះ ឈិន ដាណា ភេទស្រី អាយុ ៤៧ឆ្នាំស្នាក់នៅក្នុងបុរី១កន្លែងក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ការឃាត់ខ្លួន អគ្គនាយិកាក្រុមហ៊ុន ម៉ា ឈិន ដាណាបាន ហេង ហេង គ្រុបនេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក កេត សុជាតិ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទ ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាច   ជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២០ និងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្ដីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

សមត្ថកិច្ច បញ្ជាក់ថា នៅអំឡុងចុងឆ្នាំ២០២០ លោកជំទាវ ឈិន ដាណា បានធ្វើកិច្ចសន្យាលក់ដីទំហំ ៣ ហិកតា ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងតម្លៃ ៦០ម៉ឺនដុល្លារ ឲ្យទៅជនរងគ្រោះម្នាក់។ ដោយមានការជឿជាក់លើស្ត្រីជាម្ចាស់ក្រុមហ៊ុនរូបនេះ ជនរងគ្រោះ បានបង់ប្រាក់ថ្លៃដីគ្រប់ចំនួនទៅឲ្យក្រុមហ៊ុន។ ក្រោយពីបានលុយអស់ហើយបែរ​ក្រុមហ៊ុនគ្មានដីឲ្យជនរងគ្រោះដែលជាអ្នកទិញទៅវិញ៕

អត្ថបទ៖ចតុមុខ

Share.