បន្ទាយមានជ័យ ៖ រថយន្តបែនដឹកដីមួយគ្រឿង បើកបោះពួយល្បឿនលឿនកាត់តាមផ្លូវលំក្នុងភូមិ រេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបាក់រលំ បន្តជ្រុលទៅបុកសំយាបផ្ទះប្រជាពលរដ្ឋ បាក់អស់មួយចំហៀង បណ្តាលឲ្យដាច់ចរន្តអគ្គិសនីអស់៧ភូមិ តែមិនបង្កឲ្យអ្នកណារងរបួសនោះឡើយ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិឈ្នួរសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រហូតដល់ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ទើបមានចំណាត់ការពីខាងក្រុមហ៊ុនអគ្គិសនី ។

តាមអាជ្ញាធរបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ប្រភេទបែនដឹកដី កង់៦ ម៉ាកISUZU ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-2518 បើកលឿនលឿន កាត់តាមផ្លូវលំក្នុងភូមិ ពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុ រេចង្កូតទៅបុកបង្គោលភ្លើង បណ្តាលឲ្យបាក់ដាច់រលំ ហើយបន្តទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋ បាក់អស់មួយចំហៀង រថយន្តដាច់កង់មុខខាងស្តាំ តែមិនបង្កឲ្យអ្នកណារងរបួស។ ក៏ប៉ុន្តែក្រោយពីរថយន្តបុកដាច់បាក់បង្គោលភ្លើង ធ្វើឲ្យដាច់ចរន្តអគ្គិសនីអស់៧ភូមិ ងងឹតពេញមួយយប់ រហូតដល់ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ទើបឃើញមន្ត្រីអគ្គិសនី ចុះទៅពិនិត្យ ដាំបង្គោលថ្មី និងតភ្ជាប់ចរន្តភ្លើងឡើងវិញ ដើម្បីបានប្រើប្រាស់ ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ ត្រូវបានភាគីខាងរថយន្តបង្ក ធ្វើការសម្របសម្រួលដោះស្រាយជាមួយ ភាគីខាងអគ្គិសនី និងចេញសំណងថ្លៃខូចខាតសំយាបផ្ទះ ដើម្បីបញ្ចប់រឿង រួចម្ចាស់ស្ទូចយករថយន្តទៅជួសជុល ៕
អត្ថបទ៖តាតុង សែនជ័យ
