កំពង់ឆ្នាំង ៖ រថយន្តព្រុស បុកជាមួយរថយន្តធុនធំ អូសសណ្តោងសុីទែនដឹកប្រេង របស់ក្រុមហ៊ុនសូគីមុិច បណ្តាលឲ្យស្លា.ប់២នាក់ របួសធ្ងន់២នាក់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២អធ្រាត្រ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥ ចំណុចស្ពានអូរប្រម៉ាត់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៦-៤៧ ស្ថិតនៅក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តព្រុសបើកល្បឿនលឿនពីជើងទៅត្បូង។លុះដល់ចំណុចខាងលើបានរេចង្កូតទៅបុកជាមួយរថយន្តម៉ាក DAEWOO ពណ៌ទឹកប្រាក់ ឆ្នូតពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3E-6401 រ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-6876 របស់ក្រុមហ៊ុនដឹកជញ្ជូនប្រេងឥន្ធន: សូគីម៉ិច។ អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយដោយសារ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ជនរងគ្រោះទាំង៤នាក់ សុទ្ធតែជិះក្នុងរថយន្តម៉ាកព្រុស ពណ៌ក្រហម ពាក់ស្លាក លេខ កំពង់ឆ្នាំង 2C-8968 បើកបរដោយឈ្មោះ កែម ណារ៉ុង ភេទប្រុស អាយុ២៦ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ រស់នៅភូមិធ្លករលើង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ចំណែកជនរងក្រោះ៣នាក់ទៀតទី១ ឈ្មោះ ជីវ ចម្រើន ភេទប្រុស អាយុ ២១ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ។ ទី២ ឈ្មោះ អៀម រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ របួសធ្ងន់ និងទី៣ ឈ្មោះ វ៉ែន ឆវី ភេទប្រុស អាយុ២២ឆ្នាំ របួសធ្ងន់ អ្នកទាំងអស់គ្នារស់នៅភូមិ/ឃុំជាមួយគ្នា។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ចំណែកសពជនរងគ្រោះ២នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តទាំង២គ្រឿងសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

Share.