កាលពីថ្ងៃពុធ ទី ០៤ ខែ ឧសភា វិមានក្រឹមឡាំងបានច្រានចោលការរំពឹងទុកដែលថា ប្រធានាធិបតី វ្លាឌីមៀ ពូទីន គ្រោងនឹងប្រកាសសង្រ្គាមប្រឆាំងអ៊ុយក្រែននៅថ្ងៃទី ០៩ ឧសភា ចំថ្ងៃដែលរុស្ស៊ីរំលឹកដល់ជ័យជំនះរបស់សហភាពសូវៀតក្នុងសង្រ្គាមលោកលើកទី២។

រហូតមកដល់ពេលនេះ លោក ពូទីន បានចាត់ទុកសកម្មភាពរុស្ស៊ីនៅអ៊ុយក្រែនថា «ប្រតិបត្តិការយោធាពិសេស» មិនមែនជាសង្រ្គាមទេ។ ប៉ុន្ដែអ្នកនយោបាយលោកខាងលិច និង អ្នកឃ្លាំមើលរុស្ស៊ីមួយចំនួនបានប៉ាន់ស្មានថា លោកអាចកំពុងរៀបចំសម្រាប់សេចក្ដីប្រកាសដ៏សំខាន់មួយនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ជាមួយនឹងសេណារីយ៉ូជាច្រើនដែលអាចមានចាប់ពីការប្រកាសសង្រ្គាមទាំងស្រុងរហូតដល់ការប្រកាសជ័យជំនះ។

នៅពេលសួរអំពីការរំពឹងទុកថា លោក ពូទីន នឹងប្រកាសសង្រ្គាមប្រឆាំងអ៊ុយក្រែននៅថ្ងៃទី ០៩ ខែ ឧសភា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «វាគ្មានរឿងបែបនេះកើតឡើងនោះទេ។ វាមិនសមហេតុសមផលទេ»។

លោក Peskov ក៏បន្ដថា ប្រជាជនមិនគួរស្ដាប់ការរំពឹងទុកដែលអាចមានការសម្រេចចិត្តលើការចល័តជាតិនោះទេ។

សូមជម្រាបថា ទិវាជ័យជំនះ៩ឧសភា គឺជាព្រឹត្តិការណ៍ជាតិដ៏សំខាន់បំផុតមួយរបស់ប្រទេសរុស្ស៊ី ដែលជាការរំលឹកដល់ការលះបង់ដ៏ធំសម្បើមរបស់សហភាពសូវៀតដែលបានធ្វើឡើងក្នុងការកម្ចាត់ណាស៊ីអាល្លឺម៉ង់នៅក្នុងអ្វីដែលគេស្គាល់នៅក្នុងប្រទេសរុស្ស៊ីថាជា «សង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ»។

គួររំលឹកថា ពលរដ្ឋសូវៀតប្រមាណ ២៧លាននាក់ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមឆ្នាំ ១៩៤១ ដល់ ១៩៤៥ ដែលធ្វើឲ្យសហភាពសូវៀតមានការបំផ្លិចបំផ្លាញ ហើយគ្រួសារសូវៀតស្ទើតែទាំងអស់បានកាន់ទុក្ខនាពេលនោះ៕

ប្រភព៖ CNA

Share.