មេចារកម្មយោធាកំពូលរបស់អ៊ុយក្រែនលោក Kyrylo Budanov បានផ្ដល់យោបល់ថា វិធីតែមួយគត់ដែលរុស្ស៊ីនឹងបញ្ឈប់ការឈ្លានពានដ៏ឃោឃៅរបស់ខ្លួន គឺ លុះត្រាតែលោក វ្ល៉ាឌីមៀ ពូទីន ស្លាប់។
លោក Budanov បាននិយាយថា វាមិនប្រាកដប្រជាទេ ដែលរំពឹងថា វិមានក្រឹមឡាំងនឹងដកកម្លាំងរបស់ខ្លួនចេញពីអ៊ុយក្រែនទាំងស្រុងនោះ។
នៅពេលសួរថា តើលោក ពូទីន អាចបញ្ចប់សង្រ្គាមនៅរស់ឬអត់នោះ លោក Budanov បានប្រាប់កាសែត The New Voice Of Ukraine ថា «ការទុកឲ្យលោក ពូទីន មានផ្លូវដើម្បីដកថយ គឺជាយុទ្ធសាស្រ្តមួយ ប៉ុន្ដែវាស្ទើរតែមិនអាចទៅរួច។ លោក ពូទីន ជាឧក្រិដ្ឋជនសង្រ្គាមសម្រាប់ពិភពលោកទាំងមូល។ នេះជាទីបញ្ចប់របស់ពូទីន គាត់បានដើរអស់ផ្លូវហើយ »។

ទោះជាយ៉ាងណាក្ដី ប្រមុខចារកម្មរូបនេះមិនបានផ្ដល់យោបលើណាមួយពីរបៀបដែលលោក ពូទីន អាចស្លាប់ដោយមូលហេតុអ្វី។ ប៉ុន្ដែលោកជឿជាក់ថា វាអាចបង្កឲ្យមានវិបត្តិនយោបាយក្នុងប្រទេសរុស្ស៊ី ដែលធ្វើឲ្យគេមើលឃើញថា ប្រទេសនេះបែកបាក់គ្នា។
លោក Budanov បន្ថែមថា ការស្លាប់របស់លោក ពូទីន អាចនាំទៅរកការរក្សាទំនាក់ទំនងនៃបូរណភាពទឹកដីនៃសហព័ន្ធរុស្ស៊ី នៅពេលមានការផ្លាស់ប្ដូរការដឹកនាំរបស់ប្រទេស។

អ្នកវិភាគលោកខាងលិចជាច្រើនអះអាងថា លោក ពូទីន ចង់ទាមទារជ័យជំនះក្នុងសង្រ្គាមជាមួយអ៊ុយក្រែន អំឡុងទិវាជ័យជំនះរបស់រុស្ស៊ីថ្ងៃទី ០៩ ខែ ឧសភា ដែលជាទិវាអបអរសារទរសហភាពសូវៀត យកឈ្នះពួកណាស៊ីអាល្លឺម៉ង់។
លោក Budanov ជឿថា ឥឡូវនេះលោក ពូទីន កំពុងព្យាយាមប្រមូលកម្លាំងបន្ថែមទៀតនៅមុនថ្ងៃនិមិត្តរូបនោះមកដល់។ ប៉ុន្ដែការទទួលជ័យជំនះរបស់រុស្ស៊ីលើទឹកដីនៃប្រទេសអ៊ុយក្រែន ហាក់បីដូចជាមិនអាចទៅរួច ព្រោះអ៊ុយក្រែនបានដណ្ដើមយកទីក្រុងធំៗ ចំនួន ២ ដែលរុស្ស៊ីធ្លាប់វាយដណ្ដើមគ្រប់គ្រង យកមកវិញ ៕

