ខេត្តកណ្តាល ៖ យុវជនជាសិស្សសាលា២នាក់ នាំគ្នាទៅស្ទូចត្រី និងចុះងូតទឹកទន្លេលេង ស្រាប់តែលង់លិចស្លាប់ទាំង២នាក់ បង្កឲ្យភ្ញាក់ផ្អើលនាំគ្នាចុះរាវរក ប្រទះឃើញសពស្លាប់ឱបគ្នា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនរងគ្រោះទាំង២នាក់ ៖ ទី១ ឈ្មោះ ឃុន សេរីសោភា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ទី២ ឈ្មោះ សុត ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់នាំគ្នាចេញពីសាលារៀន ជិះកង់ម្នាក់មួយគ្រឿងទៅស្ទូចត្រី និងងូតទឹកទន្លេលេង ត្រង់ចំណុចកើតហេតុ ពេលនោះជនរងគ្រោះឈ្មោះ សុត ពិសិដ្ឋ បានចុះងូតទឹកទន្លេ ចំងាយពីច្រាំង៤ទៅ៥ម៉ែត្រ ស្រាប់តែលង់ លើកដៃហៅឲ្យគេឲ្យជួយ ត្រូវបានមិត្តភ័ក្ររួមថ្នាក់ម្នាក់ផ្សេងទៀតក្រឡេកឃើញ លោតចុះទៅចាប់ទាញមកខាង ហើយត្រូវបានជនរងគ្រោះឈ្មោះ ឃុន សេរីសោភា ចាប់ដៃទាញឡើងគោក តែទាញមិនរួចក៏រអិលធ្លាក់ធ្លាក់ចុះទឹកទាំង២នាក់វិញ លង់លិចបាត់ បង្កឲ្យផ្អើលឆោឡោ ក្រុមគ្រួសារ អ្នកភូមិ សមត្ថកិច្ចជួយរាវរក ប្រទះឃើញសពជនរងគ្រោះទាំង២នាក់ស្លាប់ឱបគ្នាជាប់ ។

សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ពិនិត្យកោសល្យវិច័យហើយ ឃើញថាពិតជាស្លាប់ដោយសារលង់ទឹក រួចប្រគល់ ជូនក្រុមគ្រួសារចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមផ្ទះរៀងខ្លួន ៕
អត្ថបទ៖តាតុង សែនជ័យ
