
គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងដែលមានទីតាំងនៅមាត់សមុទ្រភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី៥ ខែឧសភានេះ ក្រោមអធិបតីភាព ឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា តំណាងដ៏ខ្ពង់ខ្ពស់សតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ថ្លែងក្រោយបញ្ចប់ពិធីបើកការដ្ឋាននាព្រឹកថ្ងៃទី៥ ខែឧសភានេះ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹថាមជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងនេះ នឹងដើរតួនាទីក្នុងការជួយរៀបចំឱ្យមានឃ្លាំងភស្តុភារកម្ម ជាមណ្ឌលប្រង និងឧស្ម័ន និងបំពេញបន្ថែមលើការងាររបស់កំពុងផែស្វ័យព្រះសីហនុ និងកំពុងផែភ្នំពេញ។
ឯកឧត្តមបន្ថែមថា «បើយើងអាចអនុវត្តបាននូវការដឹកជញ្ជូនតាមផ្លូវទឹក តាមទន្លេបាសាក់ គឺកំពុងផែនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនផលិតផលកសិផលទូទាំងប្រទេសតាមផ្លូវទឹក(ទន្លេ)មកសមុទ្រដោយចូលកំពង់ផែនេះ ហើយចេញទៅលក់នៅក្រៅប្រទេស»។
ឯកឧត្តមបន្ថែមថា មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពតនេះ ក៏ជាកន្លែងលើកដាក់ ផ្ទេរទំនិញចេញ-ចូល ទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារនៅក្នុងតំបន់ និងពិភពលោក។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងនេះមានកត្តាអំណោយផលពីធម្មជាតិ ដូចជាជាតំបន់សមុទ្រទឹកជ្រៅ និងជាតំបន់ពុំសូវរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ដោយមានរបាំងការពារព្យុះ រលក ពីកោះថ្មី កោះសេះ និងកោះត្រល់ និងស្ថិតនៅក្នុងតំបន់អំណោយផលក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា។
គម្រោងវិនិយោគនេះមានផែនការអនុវត្តជា៣ដំណាក់កាល ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១៥០០ លានដុល្លារអាមេរិក ដែលនៅក្នុងផែនការដំណាក់កាលទី១ គឺមានចំនួនប្រមាណ ២០០ លានដុល្លារអាមេរិក។ គម្រោងនេះនឹងអាចផ្ដល់ការងារបានច្រើនជាង១ម៉ឺនកន្លែងឯណោះ។ នេះបើតាមឯឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៕







រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
