បាត់ដំបង៖ ម៉ូតូពីរគ្រឿងបើកវ៉ាជែងទាក់ដៃចង្កូតគ្នា ដួលចូលរថយន្តកំពុងបើកលឿន បណ្តាលឲ្យកិនស្លាប់២នាក់ របួសម្នាក់ កាលពីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបណ្តោយផ្លូវជាតិលេខ៥៩ ស្ថិតក្នុងក្រុមទី៣ ភូមិថ្នល់បំបែក ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ដំបូងឡើយជនរងគ្រោះបានជិះម៉ូតូម៉ាកឌ្រីមសង់ ពាក់ស្លាកលេខ បាត់ដំបង ១L-៧៥៨៨ ហើយបានឡើងជែងជាមួយនិងម៉ូតូ ១គ្រឿងទៀត ដែលធ្វើដំណើរក្នុងទិសដៅស្របគ្នា ក៏ទាក់ដៃចង្កូតគ្នា ដួលទៅខាងមុខរថយន្តដែលធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុក និងកិនស្លាប់២នាក់ ហើយម៉ូតូ១គ្រឿងទៀតរងរបួសស្រាល។
សពជនរងគ្រោះស្លាប់មានឈ្មោះឡយ ឃ្លោក ភេទប្រុស អាយុ២៩ឆ្នាំជាអ្នកបើកបររស់នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះអិត តេន ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិប្រឡាយប្រាក់ ឃុំអង្គបាន ស្រុកសំពៅលូនខេត្ត បាត់ដំបង។

ចំណែកអ្នកបើកបររថយន្ត ឈ្មោះ ណាំ សុ ពៅ ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនខេត្ត ប៉ៃលិន បើករថយន្តម៉ាកត្រាយតុន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AA-០៤១១ ត្រូវឃាត់ខ្លួនភ្លាមៗ។
ក្រោយកើតហេតុ រថយន្ត រួមទាំងម៉ូតូត្រូវបានសមត្ថកិច្ច ផ្នែកជំនាញស្រុកសំពៅលូន បានប្រគល់សំណុំរឿងឲ្យកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបងដើម្បីដោះស្រាយបន្ត៕
អត្ថបទ៖ដំបងក្រញូង

