ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តបត់ឆ្លងផ្លូវចូលទៅក្នុងបុរីមួយកន្លែងជិតផុតហើយត្រូវបានយុវជនម្នាក់ជិះម៉ូតូលឿនជ្រុលបុកចំហៀងខាងស្ដាំផ្នែកខាងក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតទាំងសងខាងចំណែកយុវជនរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី៥ខែឧសភាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រខាងមុខច្រកចូលបុរីមួយកន្លែងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2BG-2153បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង។លុះពេលមកដល់ចំណុចកើតហេតុបានបត់ឆ្វេងដៃចូលទៅក្នុងបុរីជិតផុតទៅហើយស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HJ-7152ជិះដោយយុវជនម្នាក់ធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រច្រាស ទិសគ្នាបានជ្រុលមកបុករថយន្តចំហៀងខាងក្រោយផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងចំណែកយុវជនដែលជិះម៉ូតូរងរបួសស្រាល។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុយកម៉ូតូនិងរថយន្តទៅដាក់អែបខាងបញ្ចៀសការកកស្ទះរួចទុកពេលឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាក្រោយមកភាគីខាងរថយន្តបានចេញសំណងទៅឲ្យភាគីខាងម៉ូតូចំនួន ៣០០ ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អត្ថបទ៖សេង សាវី

Share.