ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិង​សហប្រតិ​បត្តិ​ការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និង​ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយ​មនុស្ស​ធម៌របស់អាស៊ាន​ នឹងធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី​ជំនួយ​មនុស្ស​ធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កិច្ចប្រជុំដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញនាថ្ងៃស្អែកនេះ នឹងមានការចូលរួមពីភាគីពាក់ព័ន្ធដោយផ្ទាល់ផង និងតាមប្រព័ន្ធវីដេអូផង។ សមាសភាពដែលចូលរួមប្រជុំនេះ រួមមានតំណាង​ជាន់ខ្ពស់មកពីប្រទេសជាសមាជិកអាស៊ាន ដៃគូខាង​ក្រៅ​រ​​អាស៊ាន ទីភ្នាក់​ងារ​​ជំនាញអង្គការ​សហប្រជាជាតិ  និងបណ្តាអង្គការអន្តរជាតិពាក់​ព័ន្ធនៅមីយ៉ាន់ម៉ា។

ក្រសួងបានហៅកិច្ចប្រជុំពិគ្រោះយោបល់នេះថាការផ្តល់ជាវេទិកាកម្រិតខ្ពស់មួយសម្រាប់អាស៊ានធ្វើការពិភាក្សាផ្តួចផ្តើមឱ្យមានកិច្ចសន្ទនាមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីផ្តល់នូវមគ្គុទេ្ទសក៍អំពីរបៀបក្នុងការជំរុញជំនួយមនុស្សធម៌របស់អាស៊ានឱ្យទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការបំផុត ដោយឈរលើគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង។

ក្រសួងក៏បានឱ្យដឹងដែរថាកិច្ចប្រជុំនេះនឹងពិភាក្សាស្វែងរកដំណោះស្រាយដែលមានការព្រមព្រៀងគ្នាទៅវិញទៅមកលើវិធីសាស្រ្ត ​ក្នុងការពង្រឹងបន្ថែមនូវការ​ផ្តល់ជំនួយ​មនុស្ស​ធម៌​នៅមីយ៉ាន់ម៉ា ដើម្បីធានាបានថានឹងពុំមាននរណាម្នាក់ត្រូវបានទុកចោលនោះទេ ដំណោះស្រាយ ចំពោះបញ្ហាប្រឈម​នានា ដែលពាក់ព័ន្ធទៅនឹង​ប្រតិ​បត្តិ​ការ​របស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រង​គ្រោះ​​មហន្តរាយ និងវិធីសាស្រ្តនានាដែលជួយគាំទ្រទៅដល់ការផ្តល់​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅដល់សហគមន៍នានានៅមីយ៉ាន់ម៉ា។

សូមបញ្ជាក់ថាកិច្ចប្រជុំនៅភ្នំពេញដើម្បីត្រួសត្រាយផ្លូវសម្រាប់ការផ្ដល់ជំនួយទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលនេះ គឺជាលទ្ធផលកើតចេញពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងឋានៈជាប្រសិតពិសេសប្រធានអាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ា៕

Share.