
«ការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ គឺជាការសង្គ្រោះទាំងផ្លូវកាយ និងផ្លូវចិត្ត តាមរយៈការផ្តល់នូវអារម្មណ៍កក់ក្តៅ លែងភ័យខ្លាចព្រួយបារម្ភ និងមិនបាក់ទឹកចិត្ត»។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការសមាគមសិស្ស-និស្សិត អាហារូបករណ៍សមេ្ដចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងយ៉ាងដូច្នេះក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយស និងថ្នាក់វេជ្ជបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ។
បើតាមឯកឧត្តម ហ៊ុន ម៉ាណែត ជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ-១៩ បានដូចសព្វថ្ងៃនេះ មិនអាចកើតឡើងដោយចៃដន្យនោះទេ ពោលគឺកើតចេញពីការខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់ សម្តេចតេជា នាយករដ្ឋមន្ត្រី ដោយមានការចូលរួមរបស់មន្ត្រីរាជការ កងទ័ពអាវស និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសប្រជាពលរដ្ឋនៅទូទាំងប្រទេស គ្នាជាធ្លុងមហាសាមគ្គីប្រយុទ្ធក្នុងសង្គ្រាមមេរោគរាតត្បាតដ៏កាចសាហាវមួយនេះ។
ឥស្សរជនវ័យក្មេង និងជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃគណបក្សកាន់អំណាចនាពេលអនាគតរូបនេះ ក៏បានចាត់ទុកអំណោយផលនៃសុខសនិ្តភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ថាកត្តារុញឱ្យរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អាចគ្រប់គ្រងដំណើរការប្រទេសប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដែលក៏ជាផ្នែកមួយនៃការធ្វើឱ្យប្រជាជនមានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្តដែរ៕



