ភ្នំពេញ ៖ បុរសវិលកលចរិតម្នាក់យកសំបកកង់រថយន្តទៅដុតក្នុងបន្ទប់ផ្ទះជួលដែលគេទុកចោល ឆេះរាលដល់ពិដាន ផ្អើលពលរដ្ឋក្បែរខាងនាំគ្នាជួយពន្លត់ទាន់ពេល ហើយជននោះគេចខ្លួនបាត់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមអ្នកភូមិបានឲ្យដឹងថា ផ្ទះកើតហេតុ ជាផ្ទះ បន្ទប់ជួល តែគ្មានមនុស្សស្នាក់នៅនោះទេ ទុកចោល បាក់បែកជាអន្លើៗ។ស្រាប់តែនៅវេលាម៉ោងខាងលើ មានបុរសម្នាក់ ដែលគេស្គាល់ថា ជាមនុស្សមានសតិមិនប្រក្រតី យកសំបកកង់ឡានចូលទៅដុតក្នុងបន្ទប់ ហើយគេចខ្លួនបាត់ ធ្វើឲ្យភ្លើងឆាបឆេះដល់ពិដានខាងលើ ដាច់ធ្លាក់ ហុយផ្សែងខ្មួល ផ្អើលពលរដ្ឋក្បែរខាង ។

ប្រភពបន្តទៀតថា គ្រាន់តែភ្លើងឆេះដល់ពិដានភ្លាមៗ ប្រជាពលរដ្ឋក្បែរខាង យកបំពង់ពន្លត់អគ្គិភ័យ ត-ទុយោទឹក ទៅបាញ់ឲ្យភ្លើងរលត់ទៅវិញភ្លាមៗ ទើបមិនឆេះរាលដល់ផ្ទះទាំងមូល ៕
អត្ថបទ៖តាតុង សែនជ័យ
