​ក្នុងចំណោមចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលឥស្សរជនរូបនេះមានអនុស្សាវរិយ៍ជាមួយជាតិ និងប្រជាជន សារព័ត៌មានត្រយង សូមផ្ដល់ជូនប្រិយមិត្តឱ្យបានជ្រាបថា ឯកឧត្តម ហ៊ុន ណេង​ ក៏ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំជាតិដែលស្រលាញ់ និងគាំទ្រវិស័យទូក ង ផងដែរ។

តាមឯកសារដែលត្រយងបានស្រាវជ្រាវ ឯកឧត្តម ហ៊ុន ណេង បានចាប់ផ្ដើមបង្ហាញការស្រលាញ់ និងគាំទ្រវិស័យទូក ង កាន់តែខ្លាំងក្លានៅពេលដែលឯកឧត្តមកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។ ក្នុងចំណោមទូក ង ជាច្រើនដែលឯកឧត្តមបានឧបត្ថម្ភគាំទ្រនៅក្នុងខេត្តកំពង់ចាមនោះ មានទូក ង មួយដែលឯកឧត្តម ហ៊ុន ណេង ស្រលាញ់ជាងគេ គឺទូក ង ដែលមានឈ្មោះថា «ចៅពេជ្រកុមារ បុប្ផាជ្រោយថ្ម»។

ភាពល្បីល្បាញនៃទូក ង ចៅពេជ្រកុមារបុប្ផាជ្រោយថ្ម ក្រោមការគាំទ្រពីឯកឧត្តម ហ៊ុន ណេង ពិតជាធម្មតាទេ។ យោងតាមឯកសារផ្គូផ្គងទូកនៃព្រះរាជពិធីបុណ្យអុំទូក គឺទូក ង ចៅពេជ្រកុមារបុបុប្ផាជ្រោយថ្ម តែងតែស្ថិតក្នុងចំណោមទូក ង គូពិសេសរៀងរាល់ឆ្នាំនៃការប្រកួត។ ពេលខ្លះ ទូក ង ឯកឧត្តម ហ៊ុន ណេង ក៏ត្រូវជួបប្រកួតជាមួយទូក ង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលត្រូវជាប្អូនប្រុសផងដែរ។ តាមការសម្គាល់ នៅពេលទូក ង បងប្អូនប្រុសទាំងពីរ បានប៉ះគ្នាម្ដងៗនៅទីព្រ័ត​ មុខព្រះបរមរាជវាំង អ្នកអត្ថាធិប្បាយទូក ង ​តែងតែប្រើពាក្យថា«ទូកបង ទូកប្អូន លេងគ្នាហើយ…»។

គេហទំព័រនាយកដ្ឋានផ្សព្វផ្សាយអប់រំនៃក្រសួងមហាផ្ទៃ បានចេញផ្សាយកាលពីឆ្នាំ២០១៩ថា នៅក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់ចំណុះទូក ឈ្មោះ ចៅពេជ្រកុមារ បុប្ផាជ្រោយថ្ម នៅបរិវេណវត្តសុទស្សនារាមជ្រោយថ្ម ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ណេង ពោលសរសើរទូកសំណព្វចិត្តរបស់ខ្លួន។

ឯកឧត្តមបានមានប្រសាសន៍ថា«តាមប្រវត្តិទូកចៅពេជ្រកុមារ បុប្ផាជ្រោយថ្ម ធ្លាប់បានចូលរួម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប នៅរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០១៥ មក និងបានប្រកួតប្រជែង ទទួលបានចំណាត់ថ្នាក់លេខ ៥ ចំណោមគូរពិសេស»។

ទោះបីនៅឆ្នាំ២០១៩ ទូក ង ចៅពេជ្រកុមាបុប្ផាជ្រោយថ្ម ជាប់ចំណាត់ថ្នាក់លេខ១៦ ក្នុងចំណោមគូពិសេស ឯកឧត្តម ហ៊ុន ណេង នៅតែលើកទឹកចិត្តគណៈកម្មការដឹកនាំទូក កីឡាករចំណុះទូកទាំងអស់ និងបានកត់សម្គាល់ថាគ្រប់គ្នាបានប្រឹងប្រែងអស់ពីសមត្ថភាពរៀងៗខ្លួនហើយ។

«តាមការអង្កេតលើស្ថានភាព នៅពេលប្រកួតម្ដងៗ ក្នុងរយៈពេល ៣ថ្ងៃនោះ ឃើញថាក្រុមកីឡាករចំណុះទូក គឺបានព្យាយាមរក្សាល្បឿន នៅកម្រិតថេរល្អណាស់ ។ ដោយឡែក បើយើងពិនិត្យទៅលើលក្ខណៈបច្ចេកទេស គឺយើងមានចំណុចខ្វះខាតបន្តិចបន្តួច ដែលត្រូវតែសិក្សាស្វែងយល់ និងទុកជាបទពិសោធន៍ ដើម្បីធ្វើការកែលម្អផងដែរ ។ ដូច្នេះសូមឲ្យចំណុះទូកទាំងអស់ កុំអស់សង្ឃឹម ត្រូវតែខិតខំព្យាយាម ឲ្យអស់ទាំងប្រាជ្ញា និងស្មារតី ក្នុងការហ្វឹកហាត់អំពីបច្ចេកទេសថ្មីៗ ដើម្បីឈានទៅទទួលបានចំណាត់ថ្នាក់ ល្អប្រសើរឡើង នៅក្នុងឱកាសចូលរួម ព្រះរាជពិធីបុណ្យខាងលើ នាបណ្ដាឆ្នាំក្រោយៗទៀត»។  នេះជាសម្រង់ប្រសាសន៍ឯកឧត្តម ហ៊ុន ណេង ដែលអាចឱ្យយើងយល់បានថាឥស្សរជនរូបនេះជាអ្នកស្រលាញ់ និងចូលចិត្តទូក ង ដ៏ខ្លាំងក្លាម្នាក់។

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការជំនាញនៃរដ្ឋសភា បានទទួលមរណភាពដោយជំងឺគាំងបេះដូង នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ។

លាហើយ….«ចៅពេជ្រកុមារ បុប្ផាជ្រោយថ្ម»

Share.