សពឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេត និងបោសំអាត នៃរដ្ឋសភា នឹងត្រូវបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ស្ថិតនៅភូមិ ត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។

ក្នុងសេចក្ដីជូនដំណឹងចេញផ្សាយនៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានឱ្យដឹងថាក្រោយមរណភាព សពឯកឧត្តម ហ៊ុន ណេង បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា នៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រងកំពង់ចាម។

រដ្ឋសភានៃព្រះរាជណាចក្រកម្ពុជា បានសម្ដែងសេចក្ដីសោកស្ដាយ ក្រៀមក្រំជាទីបំផុត ចំពោះមរណភាពឯកឧត្តម ហ៊ុន ណេង ដែលបានទទួលមរណភាពនៅវេលាម៉ោង៦ និង២៥នាទីល្ងាច ក្នុងជន្មានយុ៧២ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានខេត្តកំពង់ចាម។ នេះបើតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា៕

Share.