ត្រឹមរយៈពេល ១ខែ ប៉ុណ្ណោះ ប្រទេសអ៉ឺរ៉ាក់រងគ្រោះដោយសារព្យុះធូលី ឬ ព្យុះខ្សាច់ ដ៏ខ្លាំងក្លាចំនួន ៧លើក ដោយប្រទេសអ៉ឺរ៉ាក់បានផ្អាកជើងហោះហើរជាច្រើនម៉ោង ហើយមនុស្សម្នាក់បានស្លាប់ និង ៥ពាន់នាក់ទៀត ត្រូវបញ្ចូនទៅមន្ទីរពេទ្យ កាលពីថ្ងៃព្រហស្បត្តិ៍ ទី ០៥ ខែ ឧសភា ដោយសារតែមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ។
អ្នកនាំពាក្យសុខាភិបាលអ៉ឺរ៉ាក់លោក Seif al-Badr បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយនាថ្ងៃព្រហស្បតិ៍ថា «ការស្លាប់របស់មនុស្សម្នាក់ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ទីក្រុងបាកដាដ» ដោយបន្ថែមថា រហូតមកដល់ពេលនេះមន្ទីរពេទ្យបានទទួលករណីព្យាបាលមិនតិចជាង ៥ពាន់នាក់ឡើយ។

អ្នកដែលរងគ្រោះខ្លាំងជាងគេ គឺអ្នកដែលមានជំងឺផ្លូវដង្ហើមរុំារ៉ៃដូចជា ជំងឺហឺត និង មនុស្សចាស់ដែលមានបញ្ហាជំងឺបេះដូងជាដើម។ ដូច្នេះអាជ្ញាធរមិនជំរុញឲ្យប្រជាជនចាកចេញពីផ្ទះរបស់ពួកគេឡើយ។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យសុខាភិបាលរូបនេះកើតឡើងនៅពេលដែលប្រជាជននៃខេត្តចំនួន ៦ ក្នុងចំណោមខេត្តទាំង ១៨ របស់ប្រទេសអ៉ឺរ៉ាក់ រួមទាំងទីក្រុងបាកដាដ និង តំបន់ភាគខាងលិចដ៏ធំនៃទីក្រុង al-Anbar បានបង្ហាញពីពពកធូលីដ៏ក្រាស់គ្រប់ដណ្ដប់លើផ្ទៃមេឃ ស្រដៀងគ្នានឹងបាតុភូត Phenomena ទី៧។

ព្យុះធូលី ឬ ព្យុះខ្សាច់ បានកើនឡើងយ៉ាងខ្លាំង នៅប្រទេសអ៉ឺរ៉ាក់នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារគ្រោះរាំងស្ងួត ការប្រែប្រួលអាកាសធាតុដោយការឡើងសីតុណ្ហភាពខ្ពស់ ចំណែកឯអត្រាភ្លៀងធ្លាក់ថយចុះខ្លាំង។
ព្យុះនេះតែងតែកើតឡើងនៅតំបន់មជ្ឈិមបូពា៌ ប៉ុន្ដែកាន់តែញឹកញាប់ និង ខ្លាំងក្លាក្នុងឆ្នាំក្រោយៗ ដោយបញ្ហាទាំងនេះត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់ទឹកទន្លេច្រើនលើសលុបពេក ទំនប់វារីអគ្គិសនីកាន់តែច្រើន ការកាប់បំផ្លាញព្រៃឈើ និង ការចិញ្ចឹមសត្វច្រើនពេកនាំឲ្យដីគ្មានស្មៅ ឬ ធ្វើឲ្យដីរិចរិលជាដើម។

យោងតាមអ្នកជំនាញបានឲ្យដឹងថា ភាគល្អិតធូលី អាចបណ្ដាលឲ្យមានបញ្ហាដល់សុខភាព និង ជំងឺសរសៃឈាមបេះដូង ហើយថែមទាំងរីករាលដាលបាក់តេរី និង មេរោគ ព្រមទាំងសត្វល្អិត និង ជាតិពុលផ្សេងទៀតផងដែរ។
ធនាគារពិភពលោកបានព្រមានរួចហើយថា ប្រទេសអ៉ឺរ៉ាក់ដែលមានប្រជាជនរស់នៅប្រមាណជា ៤១លាននាក់ អាចទទួលរងនូវការធ្លាក់ចុះនៃធនធានទឹក ២០% នៅឆ្នាំ ២០៥០។ ព្យុះធូលីនេះ ក៏បណ្ដាលឲ្យប៉ះពាល់នឹងខូចខាតដល់សេដ្ឋកិច្ចផងដែរ៕

