ភ្នំពេញ ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង បើកបត់ឆ្លងផ្លូវ ជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីម បណ្តាលឲ្យដាច់ទាំងកង់ម៉ូតូ និងកង់រថយន្ត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ៈ១០នាទីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ មុខច្រកចូលវិទ្យាស្ថានវិទ្យាសាស្ត្រ សុខាភិបាល កងយោធពលខេមរភូមិន្ទ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ព្រាប រី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ស្វាយរៀង រងរបួសជើងឆ្វេង ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2169 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយស្ត្រីជាប្រពន្ធ បើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ​ ក៏ជ្រុលទៅបុកជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1M-3178 ជិះពីត្បូងទៅជើង បណ្តាលឲ្យដាច់កង់ម៉ូតូ ហើយបាក់ដាច់ទាំងកង់រថយន្តខាងមុខទាំង២តែម្តង ។

ក្រោយកើតហេតុ ភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តព្រមជួយចេញថ្លៃខូចខាត និងថ្លៃថ្នាំពេទ្យចំនួន១លានរៀន ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.