ភ្នំពេញ ៖ ជនសង្ស័យគ្នា៣នាក់ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច ហើយនាំគ្នាព្យាយាមជិះរត់គេច ក៏ប៉ុន្តែស្របពេលដែលសភាពដងផ្លូវកកស្ទះ ទើបធ្វើឲ្យជនសង្ស័យម្នាក់ជិះម៉ូតូគេចជ្រុលទៅបុករថយន្ត បន្តទៅបុករបងសាលារៀន ដួល ហើយក្រោករត់ ផ្អើលប្រជាពលរដ្ឋដេញស្ទាក់ តាំងពីក្រោយបុរីអូរបែកក្អម ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រហូតដល់ព្រំប្រទល់ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទើបចាប់ខ្លួនបាន។ ចំណែកបក្ខពួក២នាក់ជិះម៉ូតូមួយគ្រឿងផ្សេងទៀត រត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ។

ជនសង្ស័យចាប់ខ្លួនបានម្នាក់ ឈ្មោះ ហៀង ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-2644 ត្រូវបានសមត្ថកិច្ចដកហូត ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីស្ត្រីម្នាក់ កំពុងធ្វើដំណើរតាមផ្លូវ ខាងក្រោយបុរីអូរបែកក្អម បានសម្រេចហើយ នាំគ្នាជិះរត់គេច តែសភាពដងផ្លូវកកស្ទះចរាចរ ទើបធ្វើឲ្យជនសង្ស័យម្នាក់ខាងលើ ជិះជ្រុលទៅបុករថយន្ត ហើយបន្តទៅបុករបងសាលារៀន ដួលរួចព្យាយាមរត់គេច ដល់ព្រំប្រទល់សង្កាត់ស្ទឹងមានជ័យ៣ ទើបចាប់ខ្លួនបាន ពលរដ្ឋវាយទ្រោមខ្លួន ។ចំណែកជនសង្ស័យ២នាក់ទៀតគេចខ្លួនបាត់ ។
បន្ទាប់ពីចាប់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖តាតុង សែនជ័យ
